អាជ្ញាធរជាតិអប្សរាបានចែកពូជត្រីអណ្តែងដល់ប្រជាពលរដ្ឋ១២គ្រួសារក្នុងឃុំរលួស

សៀមរាប ៖ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេស ពីអាជ្ញាធរជាតិ។ជាក់ស្តែងអាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA បានធ្វើការងារជាច្រើន ដោយផ្តោតលើការអប់រំ និង ផ្តល់បច្ចេកទេសវិជ្ជាជីវៈផ្នែកកសិកម្ម បច្ចេកទេសក្នុងការចិញ្ចឹមសត្វ ថាមពលសូឡាប្រើដោយកម្តៅព្រះអាទិត្យ និងរៀបចំទេសចរណ៍រទេះគោជាដើម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បាននាំយកពូជត្រី អណ្តែង៣៦ គីឡូក្រាម មកចែកជូនប្រជាពលរដ្ឋ១២ គ្រួសារដែលនៅក្នុងភូមិកញ្ជរ ឃុំរលួស ស្រុកបា្រសាទបាគង ខេត្តសៀមរាប។
លោក ឈិន ណាវីន មន្ត្រីនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងជាមន្ត្រីបច្ចេកទេសផ្នែកកសិកម្មក្នុងគម្រោង ACHA បានលើកឡើងថា អាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA បានយកពូជត្រីអណ្តែងចំនួន៣៦ គីឡូក្រាមចែកជូនប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ដែលក្នុងមួយគ្រួសាទទទួលបានពូជត្រីអណ្តែងចំនួន ៣ គីឡូក្រាម និងសម្ពត់ភ្លៀង ៤ ម៉ែត្រ គុណ ៦ ម៉ែត្រ សម្រាប់ធ្វើត្រើងចិញ្ចឹម។
លោក ណាវីន បានបន្តថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែចែកពូជត្រី និងសម្ពត់ភ្លៀងសម្រាប់ធ្វើត្រើងប៉ុណ្ណោះទេ ក្នុងនោះក្រុមការងារក៏បានណែនាំពីបច្ចេកទេសនៃការចិញ្ចឹម ដូចជា របៀបនៃការដាក់ត្រីចូលត្រើង របៀបនៃការដាក់ចំណី របៀបនៃការដូរផ្លាស់ទឹក និងរបៀបនៃការមើលថែផ្សេងៗ ទៀតជាដើមដល់ប្រជាពលរដ្ឋទាំងនោះ។
លោក ណាវីន បន្ថែមថា កន្លងមកក្រុមការងារបានចែកជូនពូជត្រីបានចំនួន៣លើកដល់ប្រជាពលរដ្ឋ៤៩ គ្រួសារ ក្នុងឃុំចំនួន ៤ គឺឃុំ នគរធំ ឃុំលាងដៃ ឃុំដូនកែវ និងឃុំរលួស ស្ថិតនៅក្នុងតំបន់រម្មណីយដ្ឋានអង្គរ ។ គម្រោងបន្តក្រុមការងារនឹងចែកជូនពូជមាន់ និងផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមដល់ប្រជាពលរដ្ឋដែលនៅក្នុងឃុំរលួសបន្ថែមទៀត។
អ្នកស្រី ម៉ុច ថោងវីន រស់នៅភូមិកញ្ជរបានលើកឡើងថា អ្នកស្រីសប្បាយចិត្តណាស់ដែលបានទទួលពូជត្រីអណ្តែង និងបច្ចេកទេសក្នុងការចិញ្ចឹមពីអាជ្ញាធរជាតិអប្សរា។ អ្នកស្រីបន្តថា នេះជាលើកទី១ ហើយនៃការចិញ្ចឹមត្រី តែអ្នកស្រីមិនសូវព្រួយបារម្មណ៍ទេ ដោយសារតែការចិញ្ចឹមនេះ មានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីអាជ្ញាធរជាតិអប្សរា។491829e7-90cc-413a-8095-44cf4e729cc93969fb21-c218-40d1-81b4-01caaa0e3883

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More