អាជ្ញាធរជាតិអប្សរាក្រើនរំឭកអ្នកលេងល្បែង Pokémon Go ឱ្យមានការប្រុងប្រយ័ត្នក្នុងបរិវេណប្រាសាទនៃរមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ នាពេលថ្មីៗនេះ ល្បែង Pokémon Go ដែលទើបបង្កើតឡើង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានពិភពលោក ជាពិសេសយុវជននិងអ្នកនិយមលេងហ្គេម។ ល្បែងនេះតម្រូវឱ្យអ្នកលេងត្រូវសម្លឹងមើលទូរសព្ទនិងដើរតាមទីតាំងភូមិសាស្ត្រនានា ទោះបីក្នុងកាលៈទេសៈឬទីកន្លែងណាក៏ដោយ ដើម្បីស្វែងរកតាមចាប់តុក្កតា Pokémon។
គួរកត់សម្គាល់ផងដែរថា មានប្រទេសមួយចំនួនបានសម្តែងនូវការព្រួយបារម្ភពីគ្រោះថ្នាក់ទាំងនោះ និងបានចាត់វិធានការការពារផ្សេងៗផងដែរ។ រីឯប្រទេសមួយចំនួនទៀតបានសម្រេចហាមឃាត់ការលេងល្បែងនេះ ព្រោះល្បែងនេះបានបង្កគ្រោះថ្នាក់ជាយថាហេតុ ដូចជាដើរបុកវត្ថុនានា ការដើររុករានក្នុងទីកន្លែងណាមួយ ការចូលក្នុងតំបន់ហាមឃាត់ ការឡើងផ្លោះរបងជញ្ជាំងឬសំណង់ ឬមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ដូច្នេះដើម្បីរក្សាសុវត្ថិភាពប្រាសាទនិងសុវត្ថិភាពផ្ទាល់ខ្លួន អាជ្ញាធរជាតិអប្សរា សូមអំពាវនាវនិងក្រើនរំឭកដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនដែលនិយមលេងល្បែង Pokémon Go ទាំងអស់ សូមប្រុងប្រយ័ត្ននិងមានស្មារតីទទួលខុសត្រូវខ្ពស់។ លើស ពីនេះទៅទៀត ត្រូវគោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ ក៏ដូចជាគោរពស្លាកសញ្ញាសម្គាល់នានានៅក្នុងបរិវេណប្រាសាទ ជាពិសេសមិនអនុញ្ញាតឱ្យចូលក្នុងតំបន់ហាមឃាត់ឬទីតាំងមិនអនុញ្ញាតណាមួយនៅតាមប្រាសាទជាដាច់ខាត។
អាស្រ័យហេតុនេះ សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
} else {