ផ្ទុះវីរុសថ្មីហ្ស៊ីការ(ZIKA) «ការពារប្រសើរជាងព្យាបាល»
អរុណរង្សី៖ អរុណសួស្តីចំណីអារម្មណ៍កំណាព្យបែបអប់រំសុខភាព សូមជូនកំណាព្យអប់រំស្តីពីការប្រុងប្រយ័ត្នចំពោះសុខភាពនូវការផ្ទុះវីរុសថ្មីគឺហ្ស៊ីការ(ZIKA) ដែលបណ្តាលមកពីសត្វល្អិត ជាពិសេសសត្វមូសខាំដែលកំពុង តែរាល ដាលមកដល់ប្រទេសក្នុងអាស៊ីអាគ្នេយ៍នេះហើយ។
«ការពារប្រសើរជាងព្យាបាល» (បទពាក្យ៧)
១.អាទិត្យបីកើតខ្នើតភទ្របទ ចាត់ចែងសន្មត់កត់តាក់តែង ចាប់ចងពាក្យពេចន៍រំលេចថ្លែង ជូនញាតិចាស់ក្មេងអានកម្សាន្ត។
២.កវីវ័យក្មេងចំណេះខ្លី ប្រាជ្ញានៅខ្ចីស្តីរំខាន លើសលស់ប៉ះពារឃ្លាប៉ុន្មាន សូមញាតិសន្តានអភ័យផង។
៣.បានឃើញដំណឹងប្រឹងផ្សព្វផ្សាយ ចែកញាតិជិតឆ្ងាយដល់ប្អូនបង វីរុសហ្ស៊ីកាវាចម្លង វាសាហាវឆ្លងមនុស្សគ្រប់វ័យ។
៤.ត្រូវប្រុងប្រយ័ត្នពិតខ្ជាប់ខ្ជួន ក្រែងលោភ្លេចខ្លួនញាតិប្រុសស្រី នាំទុក្ខនាំទោសនាំគ្រោះភ័យ ជម្ងឺចង្រៃមកបៀតបៀន។
៥.ជម្ងឺមួយនេះសាហាវណាស់ ទោះក្មេងឬចាស់ក្រឬមាន វាតាមរុកគួនពួនទន្ទ្រាន យាយីឈ្លានពានគ្រប់វេលា។
៦.វាតែងលាក់ខ្លួនពួនកាយា រង់ចាំប្រហារញាតិគ្រប់គ្នា ត្រូវប្រុងប្រយ័ត្នពិតការពារ ឱ្យបានគ្រប់គ្រាណាប្រុសស្រី។
៧.ត្រូវប្រយ័ត្នខ្លាំងដល់កុមារ ព្រោះតែរាលដាលស្ទេីរពេញផ្ទៃ អាស៊ី-អឺរ៉ុបពេញទឹកដី ប្រយ័ត្នឃ្មាតខ្មីលៃការពារ។
៨.រក្សាការពារថែសុខភាព បានដឹងជ្រួតជ្រាបហេីយគ្រប់គ្នា សុខាភិបាលខំពុះពារ ទប់ស្កាត់ក្រែងវារាលដាលឆ្លង។
៩.បង្កគ្រោះថ្នាក់ជាក់ទុក្ខភ័យ ក្មេងចាស់គ្រប់វ័យញាតិប្អូនបង ខាតពេលវេលាការងារផង នាំរឿងសៅហ្មងក្នុងគ្រួសារ។
១០.ពាក្យចាស់ពំនោលពោលថ្លាថ្លែង ឱ្យគិតឆ្ងាយវែងក្រែងទុក្ខា ការពារប្រសេីរជាងព្យាបាល សង្គមគ្រួសារសុខសប្បាយ។
១១.ណ្ហេីយ!គ្រាន់ឃ្លោងឃ្លាជាពាក្យកាព្យ ចងជាកំណាព្យប្រាប់បរិយាយ ចែកជូនពិចារញាតិជិតឆ្ងាយ ប្រុងប្រយ័ត្នកាយឱ្យបានល្អ។
១២.វន្ទាបង្គំប្រណម្យហត្ថ ក្រាបឱនប្រណិប័តណ៌ពិតជូនពរ លោកពុកអ្នកម៉ែសុខបវរ លោកសុខភាពល្អគ្រប់វេលា។
១៣.ជូនពរជូនជ័យសិរីពិត ដល់ញាតិឆ្ងាយជិតពិតគ្រប់គ្នា យាយតាប្អូនបងអ៊ំមីងមា បានសុខគ្រប់គ្រាខ្មែរប្រុសស្រី។
១៤.ចុងក្រោយសូមឆ្លេីយគោរពលា ញាតិមិត្រគ្រប់គ្នាសារជាថ្មី អរគុណគាំទ្រគ្រប់ស្នាដៃ ខ្ញុំបាទរង្សីច្នៃចងក្រង។
និពន្ធ និងរក្សាសិទ្ធិដោយ:ធី អិន អិន លោក ដួង អរុណ រង្សី (០៤.កញ្ញា.២០១៦) រាជធានីភ្នំពេញ៕