ចេញពីបន្ទប់ទឹក អត់មានពាក់ស្បែកជើង ដើរមកកន្លែងផ្សារដែក ត្រូវឆក់ស្លាប់
ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយកើតឡើងដោយបុរសម្នាក់ជាកូនជាងផ្សារដែកស្លាប់ បន្ទាប់ពីចូលបន្ទប់ទឹកចេញមកវិញ អត់មានពាក់ស្បែកជើង ជាន់នឹងដែក ដែលខ្លួនកំពុងធ្វើការ ស្រាប់តែឆក់ស្លាប់ មិនអស់ចិត្តដឹកយកទៅពេទ្យ ហើយ គ្រូពេទ្យបញ្ជាក់ប្រាប់ថា ជនរងគ្រោះស្លាប់បាត់ជីវិតទៅហើយ។ ហេតុការណ៍កាលពីវេលាម៉ោង៤និង៥០នាទី រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះជាង ដែក តាមផ្លូវលំ ក្រុម៥ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ចាន់ ទ្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលៀរផ្អៀ ខេត្តកំពង់ឆ្នាំង ។
ដោយមិនអស់ចិត្ត ជនរងគ្រោះ ត្រូវបានម្ចាស់ផ្ទះដឹកយកទៅ គ្លីនិកអង្គរនៅផ្លូវវេងស្រេង តែហួសពេលទៅហើយ គ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់ជីវិត ទៅហើយ ទើបដឹក វិលត្រឡប់មកផ្ទះ កន្លែងធ្វើការវិញ រាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ចឲ្យ ចុះមកពិនិត្យនិងកោសល្យវិច័យ។ ដោយ៖ កុយ រ៉ុហ្សាន់