សម្តេចតេជោ ហ៊ុន សែន ជួបជាមួយក្រុមហ៊ុន Spring Airlines and Tour Group
ចិន៖ នៅរសៀលថ្ងៃទី ១១ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុញ្ញាត្តអោយ លោក Wang Zhenghua ប្រធានក្រុមហ៊ុន ចូលជួបនៅផ្ទះសំណាក់ Lyuan Resort ទីក្រុង ណាននីញ ប្រទេសចិន។លោកប្រធានក្រុមហ៊ុនបានសំដែងនូវការត្រេកអរដែលសម្តេចបានឆ្លៀតពេលផ្តល់ឱកាសអោយក្រុមហ៊ុនបានចូលជួបសំណេះសំណាលនិងពិភាក្សាគម្រោងការងារវិនិយោគនៅកម្ពុជា។
លោកប្រធានក្រុមហ៊ុនបានជម្រាបសម្តេចតេជោថា ក្រុមហ៊ុននេះមានបទពិសោធន៍និងចំណាប់ អារម្មណ៍លើវិស័យទេសចរណ៍ និងអាកាសចរណ៍ ព្រោះក្រុមហ៊ុនលោកបានជាប់ចំណាត់ថ្នាក់ទេស ចរណ៍លេខ១នៅប្រទេសចិន។ ក្រុមហ៊ុនក៏មានការចាប់អារម្មណ៍បើកជើងហោះហើរពីទីក្រុង សៀងហៃ ទៅសៀមរាប ពីក្វាងចូវទៅសៀមរាប និងពីក្វាងចូវទៅភ្នំពេញផងដែរ។ លោកបានបញ្ជាក់ផងដែរថាក្រុមហ៊ុនលោកមានយន្តហោះដឹកអ្នកដំណើរ៧០គ្រឿង ហើយគ្រោងនឹងទិញថែមអោយគ្រប់ ១១០គ្រឿងដើម្បីបម្រើសេវាទេសចរណ៍។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏មានគម្រោងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសលើផ្នែកអ្នកបើកយន្តហោះ (Pilot)តែម្តង ព្រោះក្រុមហ៊ុនលោកចង់ឃើញជនជាតិកម្ពុជាមានជំនាញបើកបរយន្តហោះកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ទិសដៅនិងគោលបំណងរបស់ក្រុមហ៊ុន ហើយ សូមអោយរៀបចំបើកជើងហោះហើរពីបណ្តាខេត្តក្រុងនានាពីប្រទេសចិនឆ្ពោះត្រង់មកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ គឺសូមអោយក្រុមហ៊ុនជួយគៀងគរទេសចរណ៍ចិនអោយបានធ្វើដំណើរមកកំសាន្តនៅកម្ពុជាអោយបានច្រើនឡើង យ៉ាងហោចណាស់គឺចំនួន ១លានបីសែននាក់ក្នុងមួយឆ្នំា។ លោកប្រធានក្រុមហ៊ុនអរគុណដែលសម្តេចគាំទ្របំណងវិនិយោគនៅកម្ពុជា ហើយនឹងខិតខំជំរុញការងារនេះអោយបានដល់គោលដៅ៕