ផឹកស៊ីមិនញញឹម ទាញពូថៅកាប់លិចចំនួន២ពូថៅ បុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ក្រោយពីរូបគេ បានផឹកស៊ីទាស់ពាក្យ

សំដីគ្នា និងបានយកពូថៅទៅកាប់លើជនរងគ្រោះចំនួន ២ពូថៅបណ្តាលអោយរងរបួសធ្ងន់។ ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះលក់ចាប់ហួយ ផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១៣ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ៤និង០០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះទៅអង្គុយផឹកស្រាជាមួយអ្នកដែលរស់នៅក្បែរគ្នា ដោយបានទៅអង្គុយនៅផ្ទះឈ្មោះ រី ភេទស្រី រហូតដល់ម៉ោងប្រហែល ៧និង០០នាទីជាង ទើបជនរងគ្រោះបានដើរយកលុយទៅសងឈ្មោះ ប្រុស ដែលមានផ្ទះនៅទល់មុខគ្នា ខណៈពេលនោះ ស្រាប់តែបានឃើញជនសង្ស័យឈ្មោះ ថន កុសល កំពុងតែអង្គុយផឹកស្រានៅទីនោះតែម្នាក់ឯង រួចជនរងគ្រោះ ក៏បានដើរចូលទៅ គោលបំណងយកលុយទៅសងឈ្មោះ ប្រុស ដោយមិនទាន់បានយកលុយសងផង។ ស្រាប់តែជនសង្ស័យបានឃើញជនរងគ្រោះដើរចូលទៅ ស្មានថា ជនរងគ្រោះចូលទៅវាយខ្លួន ដោយសារតែជនសង្ស័យហើយនិងជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសំដីជាមួយគ្នា ភ្លាមៗនោះ ស្រាប់តែជនសង្ស័យបានស្ទុះងើបឡើងទៅយកពូថៅពីក្នុងផ្ទះដែលខ្លួនកំពុងតែអង្គុយផឹក យកទៅកាប់លើក្បាលជនរងគ្រោះចំនួន ២ពូថៅបណ្តាលអោយរងរបួសធ្ងន់ រួចជនសង្ស័យបានរត់គេចខ្លួន។

 

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចយើងបានទទួលដំណឹងពីបងប្អូនជនរងគ្រោះ ហើយសមត្ថកិច្ចយើងក៏ធ្វើការជិះដេញតាមរកជនសង្ស័យរហូតដល់វេលាម៉ោងប្រហែល ១០និង០០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ក៏បានប្រទះឃើញជនសង្ស័យនៅចំណុចស្ពានអាកាស ៥មករា ដែលស្ថិតនៅក្បែរសាលាតិចណូ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រួចសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ថន កុសល ហៅមឿក ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះឈ្មោះ ហេង ណារ៉េត ហៅម៉ាប់ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម១៣ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖ ស៊ុនតិច

5aa7cc32-110f-4041-a46e-f43dc6658473 199f2d26-a859-4ab7-a319-1986bf581195if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More