Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ណេត យីហោ A2888 កំពុងពង្រីកវិសាលភាពរបស់ខ្លួន ស្ទើរពេញទូទាំង១៤ខណ្ឌ ក្នុងក្រុងភ្នំពេញ!

ភ្នំពេញ ៖ ទីតាំងហ្គេមណេត២៤ម៉ោង យីហោ A2888 កំពុងបើកដំណើរការគ្រប់បណ្តាខណ្ឌទាំង១៤ ដើម្បីស្វាគមន៍អតិថិជនដែលញៀនល្បែងមកពីគ្រប់មជ្ឍដ្ឋាន ខណៈអាជ្ញាធរ មិនទាន់ចុះបង្ក្រាប។តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ទីតាំងណេតយីហោ A2888 មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចម នៃល្មើសនានា ដូចជា លួច ឆក់ ប្លន់ បន្តកើតមានជាញឹកញាប់ ក្នុងក្រុងភ្នំពេញ ពេលខ្លះ បណ្តាលឲ្យការប្រើប្រាស់អំពើរហិង្សា ពិសេស ពង្វក់ក្មេងៗ សិស្សសាលាខ្លះវក់លេងភ្លេចបាយភ្លេចទឹកក៏មាន។

ទីតាំងណេតយីហោ A2888 អាចបើដំណើរយ៉ាងរលូនបែបនេះ  ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមានសមត្ថកិច្ចហើយ  ទើបអាចបើកបំរើដល់អតិថិជន របស់ខ្លួនកើបលុយរាប់ម៉ឹនដុល្លារក្នុងមួយខែៗ។ ទីតាំងហ្គេមណេតបង្កបល្បែងស៊ីសងយីហោ A2888 មានស្ទើរតែគ្រប់ប ១៤ខណ្ឌឯណោះ ការដែលអនុញ្ញាតឲ្យមានបើកល្បែងស៊ីសង ពិសេស ណេត២៤ម៉ោងនេះ យីហោ A2888  គឺផ្ទុយ ពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាកម្ពុជា។

សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាប ទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online បើទោះបីជា មានច្បាប់ប្រកប អាជីវកម្មហើយក៏ដោយ ។ ការចេញបទបញ្ជានេះ ក្រោយពីមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ សារាចរណែនាំដោយបញ្ឈប់ ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិច អនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស។

លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ តាមរយៈ Internet Online។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើកសេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេល ថ្មីៗនេះ បានចេញសារាចរ ណែនាំ មួយដោយ បញ្ឈប់ការផ្តល់គោលការណ៍ និង អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកបអាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច អនឡាយ ( Internet Online) ទាំង ក្នុង និង ក្រៅប្រទេស ។ សារាចរ ណែនាំ រាជដ្ឋាភិបាល បានធ្វើ ការណែនាំ ចំនួន ៣ចំណុចដោយ

ទី១. មន្ត្រីនគរបាល យុត្តិធម៌ និង អាជ្ញាធរ មាន សមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបអាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិនធើណេត អនឡាយ ក្នុង និង ក្រៅប្រទេស គ្រប់ ប្រភេទ និង គ្រប់រូបភាព ដែលធ្វើ សកម្មភាព ដោយមិនមាន អាជ្ញាប័ណ្ណ ពីក្រសួង ស្ថាប័ន មានសមត្ថកិច្ច។

ទី ២. ចំពោះ អាជីវកម្មល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិនធើណែត អនឡាយ ក្នុង និង ក្រៅប្រទេស ដែលមាន អាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែល បានកំណត់ ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពី នេះ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិន បន្ត សុពលភាព អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកបអាជីវកម្មល្បែងភ្នាល់ ប្រភេទនេះ តទៅ ទៀតឡើយ។

៣. រាជរដ្ឋាភិបាល បញ្ឈប់ ការផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិន ធើ ណេត អនឡាញ ទាំងក្នុង និងក្រៅប្រទេស កម្ពុជា ចាប់ពី ថ្ងៃ ចុះហត្ថលេខា លើ សារាចរ ណែនាំ នេះតទៅ។

 

នៅវេលាម៉ោងប្រមាណ១៧ និង៣០នាទីថ្ងៃ៣ ខែវិច្ឆិកា ២០២០ អង្គភាពសារព័ត៌មាន ធី អិន អិន បានទទួលទូរស័ព្ទ 086666855 ហើយនិយាយថាមេគេ បញ្ជាអោយលុបព័ត៌មាន ដែលបានចុះផ្សាយនេះ ចោលវិញ ដោយសំអាងថា កន្លែងគេមានច្បាប់ បង់ព័ន្ធទាំងពន្ធដារ និងក្រសួងពាណិជ្ជកម្ម តែពេលក្រុមការងារយើងសុំឯកសារពាក់ព័ន្ធ គេបានបដិសេធទៅវិញ។

សង្ឃឺមថា លោក ឃួង ស្រេង អភិបាល និង លោក ស ថេត ស្នងការរជធានីភ្នំពេញ មេត្តាចុះពិនិត្យ ថាតើមានច្បាប់អនុញ្ញាតិអោយបើកសេវាអុីនធើណេត២៤ម៉ោង ផ្ទុយពីបទបញ្ជានាយករដ្ឋមន្ត្រីមែនដែររីទេ?

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More