Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្អូនស្រីជាអ្នកខេត្តក្រចេះ ត្រូវបានចាញ់បោកគេ ហើយគេយកទៅលក់នៅប្រទេសចិន…..!

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ជ្រាបថា កាលពីថ្ងៃទី២៥/១០/២០២០ គណនីហ្វេសប៊ុកឈ្មោះ Udom Sun បានស៊ែវីដេអូឃ្លីបមួយ ភ្ជាប់ជាមួយចំណងជើងខ្លឹមសារថា “ប្អូនស្រីជាអ្នកខេត្តក្រចេះ ត្រូវបានចាញ់បោកគេ ហើយគេយកទៅលក់នៅប្រទេសចិន សូមមន្ត្រីពាក់ព័ន្ធជួយគាត់ផង”។

អនុវត្តបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមតិចង្អុលដឹកនាំ ពីឯកឧត្តម អគ្គស្នងការរងទទួលផែនយុត្តិធម៌ ជាពិសេសលោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងទទួលការងារជំនាញ នាយកដ្ឋានបានបើកការស្រាវជ្រាវរកឃើញថា ករណីនេះ ជាករណីចាស់ ដែលគណនីហ្វេសប៊ុកឈ្មោះ Oun Vansak ធ្លាប់បានយកមកបង្ហោះកាលពីថ្ងៃទី២១/១០/២០១៨។
– ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ រ៉ាត់ ឌីណា អាយុ ១៥ ឆ្នាំ រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ នៅថ្ងៃទី១៧/០៧/២០១៩ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះខាងលើ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនឈ្មោះ ជឹម ចាន់ថា ភេទស្រី អាយុ ៥៥ឆ្នាំ ជាមេខ្យល់ដែលធ្វើសកម្មភាពឃោសនា អូសទាញ បោកបញ្ឆោតជនរងគ្រោះបញ្ជូនទៅប្រទេសចិន។ ថ្ងៃទី១៨/០៧/២០១៩ ជនល្មើសត្រូវបានតុលាការខេត្តក្រចេះ ចេញដីកាឃុំខ្លួន ពីបទ” ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ” និងបានបើកសវនាការជំនុំជម្រះ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ០៧ឆ្នាំ នៅពន្ធនាគារខេត្តក្រចេះ និងសំណងទៅជនរងគ្រោះចំនួន៥លានរៀល។

ថ្ងៃទី២៧/១០/២០២០ មន្ត្រីជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើទំនាក់ទំនងជាមួយម្ដាយនារីរងគ្រោះឈ្មោះ អាត សេងនឿន បានបញ្ជាក់ថាកូនស្រីរបស់គាត់ឈ្មោះ រ៉ាត ឌីណា បច្ចុប្បន្នរស់នៅឯប្រទេសចិន និងបានដាច់ការទំនាក់ទំនងតាំងពីដើមឆ្នាំ២០១៩ មកម្លេះ រហូតដល់បច្ចុប្បន្នមិនដឹងសុខទុក្ខយ៉ាងណានោះទេ។

បច្ចុប្បន្ននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននិងកំពុងសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន លេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គការដៃគូពាក់ព័ន្ធធ្វើការស្រាវជ្រាវរកកន្លែងស្នាក់នៅរបស់ជនរងគ្រោះខាងលើនៅឯប្រទសចិន ដើម្បីសង្គ្រោះ និងរៀបចំនីតិវិធីនាំយកជនរងគ្រោះខាងលើមកកម្ពុជាបានជួបជុំគ្រួសារវិញ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More