Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពលការិនីម្នាក់ នៅប្រទេសចិន ស្នើកិច្ចអន្តរាគមន៍ពី សម្តេចតេជោ នោះ….!

ភ្នំពេញ៖ ពលការិនីម្នាក់ នៅប្រទេសចិន ដែលបានស្នើសុំជំនួយពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបានត្រឡប់មកកម្ពុជាវិញនោះ ឥឡូវបានវិលត្រឡប់មកដល់កម្ពុជាវិញហើយ!

សូមជម្រាបផងដែរថា កាលពីរសៀលថ្ងៃទី២២ /១០/២០២០ ពលការិនីម្នាក់ ដែលបានធ្វើវីដេអូឃ្លីប បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោក ឲ្យទៅធ្វើការងារនៅឯប្រទេសចិន អស់ជាងពីរឆ្នាំដោយរងទុក្ខលំបាក និងស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាពហើយ ។

គួរំលឹកថាកាលពីថ្ងៃទី០៨/១០/២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដែលបានបង្ហោះជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោកមេខ្យល់ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។

អនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងសេនាធិការ និងមតិចង្អុលដឹកនាំពីលោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងទទួលផែនប្រឆាំងការជួញដូរ នាយកដ្ឋានបានចាត់មន្ត្រីជំនាញចូលទំនាក់ទំនងក្នុងគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដោយស្នើសុំផ្ដល់ព័ត៌មានអំពីអាសយដ្ឋាន ដែលនាងកំពុងស្នាក់នៅប្រទេសចិន និងសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនងនៅប្រទេសកម្ពុជា និងដោយទទួលបានកិច្ចសហការល្អបំផុតជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធធ្វើការស្រាវជ្រាវ ទើបដល់ថ្ងៃទី១២/១០/២០២០ ស្ថានអគ្គកុងស៊ុល នៃព្រះរាជណាចក្រកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានធ្វើកិច្ចសហការជាមួយសមត្ថកិច្ចចិន ជួយសង្គ្រោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំង ប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ (SEM SREY PHECH) កើតថ្ងៃទី ១៦/០៥/១៩៩៤ មានស្រុកកំណើតនៅ ភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អគ្គលេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គការដៃគូពាក់ព័ន្ធ ដែលបានសហការល្អប្រសើរទាំងក្នុងការស្រាវជ្រាវរំដោះនារីរងគ្រោះ និងគាំទ្រដល់សេវាផ្សេងៗ ដើម្បីនាំនារីរងគ្រោះខាងលើមកកម្ពុជាវិញដោយសុវត្ថិភាព និងសូមថ្លែងអំណរគុណជាពិសេស ចំពោះអង្គការសម្ព័នចាប់ដៃ ដែលបានចូលរួមសហការ ជួយទិញសំបុត្រយន្តហោះ ពីសៀងហៃមកកម្ពុជា និងបន្តគាំទ្រសេវាសង្គមដូចជាការហូបចុក ការស្នាក់នៅ និងជួយសម្របសម្រួលជូនជនរងគ្រោះ ទៅស្រុកអន្លង់វែងដើម្បីបន្តអនុវត្តវិធានចត្តាឡីស័កនៅមណ្ឌលសុខភាពអន្កងវែង។ ដោយឡែក នាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន កំពុងធ្វើកិច្ចសហប្រតិបត្តិការបន្តជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លើករណីនារីរងគ្រោះខាងលើ និងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណមេខ្យល់ ដែលបានប្រព្រឹត្តអំពើឆបោក លើនារីរងគ្រោះខាងលើ ដើម្បីឈានដល់ការនាំខ្លួន មកផ្តន្ទាទោស តាមច្បាប់ជាធរមាន។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More