Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អំណោយ លោក ហ៊ុន ម៉ាណែត និងលោកស្រី ត្រូវបានប្រគល់ជូនបុគ្គលិក និងក្មួយៗ នៃមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២

បន្ទាយមានជ័យ៖  សំលៀកបំពាក់ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា សម្ភារៈការិយាល័យ រួមទាំងថវិកាមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជនដទៃទៀតត្រូវបានក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត (អ ម ត) ប្រគល់ជូនបុគ្គលិក និងក្មួយៗ នៃមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២នៅខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់ នាពេលកន្លងមក។

លោក ប្រាក់ ចាន់ធី តំណាង លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារទី៦ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត បានលើកឡើងថា ដោយសារតែយើងមានសុខសន្តិភាព និងមានថ្ងៃនេះទើបយើងបានជួបជុំគ្នា ទោះបីជាកូនទាំងអស់គ្នានៅក្នុងមជ្ឈមណ្ឌលដែលជាគ្រួសារធំនេះក៏ដោយ។ អ្វីៗដែលមានសព្វថ្ងៃនេះ កើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេកូនក្មួយទាំងអស់គ្នា គឺគ្មានសេចក្តីសុខដើម្បីមករួមរស់ជួបជុំគ្នាដោយសុខដុមរមនាដូច្នេះដែរ។

លោកបន្តថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែតនិងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដោយឡែកលោកបានមើលឃើញការលំបាករបស់មជ្ឈមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ទើបក្រុមការងារ បាននាំយកបងអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី និងសប្បុរសជនដទៃទៀត មកប្រគល់ជូនបុគ្គលិក និងក្មួយៗ នៃមណ្ឌលនេះដើម្បីដោះស្រាយការរស់នៅប្រចាំថ្ងៃ។

លោក រិញ ប៊ុនឈួយ ប្រធានមជ្ឈមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ខេត្តបន្ទាយមានជ័យ បានបង្ហាញក្តីអំណររីករាយក្រៃលែង និងវានថ្លែងអំណរគុណជាអនេកចំពោះការគិតគូរពីសុខទុក្ខរបស់បុគ្គលិកនិងក្មួយៗនៅក្នុងមជ្ឈមណ្ឌលនេះពីសំណាក់ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងសប្បុរសជនដទៃទៀត ព្រមទាំងក្រុមការងារសមាគម អ ម ត។

សូមបញ្ជាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជនដទៃទៀតរួមមាន អង្ករ៧តោន ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកសុទ្ធ ១០០កេស សំលៀកបំពាក់កីឡាសម្រាប់ក្មួយៗ១៦៤កំប្លេ កុំព្យូទ័រមួយគ្រឿង ម៉ាស៊ីនថតរូបមួយគ្រឿង តុកៅអីការិយាល័យចំនួន៣ ទូដាក់ឯកសារ ទូដាក់សំលៀកបំពាក់ និងសម្ភារៈផ្សេងចំនួន១៥ព្រមទាំងថវិកា៤លានរៀល ត្រូវបានក្រុមការងារសមាគម អ ម តប្រគល់ជូនមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២នៅខេត្តបន្ទាយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More