Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ធ្លាយភាពមិនប្រក្រតី ក្នុងការដេញថ្លៃ គម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ចំនួន៣កន្លែង ក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ ការដេញថ្លៃ គម្រោងអភិវឌ្ឍឃុំ សង្កាត់ចំនួន ៣កន្លែងនៅស្រុក២ផ្សេងគ្នាក្នុងខេត្តតាកែវ ត្រូវបានគេ មើលឃើញថា ជាការស៊ុំគ្រលំឃុបគិតគ្នាសុទ្ធសាធរវាងក្រុមហ៊ុន និងក្រុមហ៊ុនដើម្បីបានផលប្រយោជន៍ចូលហោប៉ៅរៀងៗខ្លួន។

សកម្មភាព ដែលនាំឲ្យមានការសង្ស័យទាំងនោះគឺ ក្រុមហ៊ុនជាច្រើនបានទៅចូលរួមដេញថ្លៃនូវគម្រោងសាងសង់ តែបានត្រឹមឈរកាន់ក្រដាស់សំណើរដេញថ្លៃក្បែរៗបរិវេណសាលាឃុំតែប៉ុណ្ណោះ មិនបានយកទៅដាក់ក្នុងប្រអប់ ដេញថ្លៃនោះទេ។ ដែលនេះ អាចជាការនិយាយត្រូវរ៉ូវគ្នាជាមុន មុនពេល ដែលការដេញថ្លៃចាប់ផ្តើមឡើង ទើបបានជាមានក្រុមហ៊ុនមិនតិចនោះទេដែលមិនដាក់សំណើរដេញថ្លៃ។ ជាងនេះទៅទៀតក្រុមហ៊ុនដែលបានដាក់សំណើរដេញថ្លៃ ដូចជាដឹងទំហ៊ុំទឹកប្រាក់រៀងៗខ្លួនដែលត្រូវសរសេរដាក់លើក្រដាស់សំណើរដេញថ្លៃ (ទាំងនេះជាសកម្មភាពខ្វះក្រមសីលធម៌សម្រាប់អ្នកដេញថ្លៃដែលត្រូវបានហាមឃាត់)។ ពិសេស តម្លៃសាច់ប្រាក់ ដែលក្រុមហ៊ុនដាក់ដេញថ្លៃនោះ សិងតែស្មើនិងតម្លៃសាច់ប្រាក់ប៉ាន់ស្មានដែលរដ្ឋទម្លាក់ឲ្យទៅហើយ គឺមានការចុភាគរយតិចបំផុត។

លោក ស៊ុំ ចាន់ ដែលដេញបានសម្រាប់ការស្ថាបនាផ្លូវគ្រោះមួយខ្សែដែលមានប្រវែជាង៤រយម៉ែត្រនៅ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២០ បានឲ្យដឹងភ្លាមៗបន្ទាប់ពីការដេញថ្លៃបានបញ្ចប់ ដោយលោកបញ្ជាក់ថា គ្មានការចរចារគ្នាជាមុនជាមួយក្រុមហ៊ុនដែលមកនោះទេ។

ហើយរឿងដាក់ ឬមិនដាក់សំណើចូលរួមដេញថ្លៃលោកមិនដឹងដែរ។ ដោយឡែកមាន២គម្រោងផ្សេងទៀតនៅស្រុកបូរីជលសារ ដែលបានបើកសំណើដេញថ្លៃកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងនោះឃុំកំពង់ក្រសាំង មានលោក ឆោម ហ៊ី ជាម្ចាស់ក្រុមហ៊ុន បានដេញថ្លៃជុសជុលផ្លូវលំនិងចាក់ជើងទេបេតុងអាម៉េ ប្រវែ១២៨ ម៉ែត្រមួយខ្សែ និងនៅឃុំជ័យជោគ មានលោក នង ទុយ ជាម្ចាស់ក្រុមហ៊ុនបានដេញថ្លៃជុសជុលផ្លូវលំដីសមួយខ្សែដែរ ដែលក្រុមហ៊ុនទាំង២នេះបានដាក់តម្លៃដេញថ្លៃសម្រាប់គម្រោងសាងសង់ប្រគៀកនិងតម្លៃប៉ាន់ស្មានបំផុតគួរឲ្យសង្ស័យ។

លោក ហេង វុទ្ធី ​ នាយកទីចាត់ការផែនការ​ និង វិនិយោគ​ខេត្តតាកែវបានឲ្យដឹងតាមរយៈខ្សែទូរស័ព្ទ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា លោក និងក្រុមការងារ មានតួនាទីត្រឹមជាអ្នកសម្របសម្រួលសម្រាប់ដំណើរការនៃការដេញថ្លៃតែប៉ុណ្ណោះ ព្រោះឃុំ សង្កាត់ គេមានក្រុមការងារលទ្ធកម្មសម្រាប់ពិនិត្យនិងទទួលយកក្រុមហ៊ុន ដេញថ្លៃមានតម្លៃភាគរយចុះច្រើនជាងគេ។ ហើយដែលភាគរយចុះតិច ឬច្រើនរវាងតម្លៃប៉ាន់ស្មានដែលរដ្ឋទម្លាក់ជាមួយនិងក្រុមហ៊ុនដេញថ្លៃបានសិទ្ធនោះ ជាការងាររបស់ក្រុមលទ្ធកម្មឃុំ សង្កាត់ អ្នកសម្រេចទទួលយក ឬក៏បដិសេធ។

មហាជនបានស្នើឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យមើលសកម្មភាពមិនប្រក្រតីរបស់ក្រុមហ៊ុនទាំង៣នេះផង ពិសេសត្រូវពិនិត្យឲ្យបានដិតដល់រាល់សកម្មភាពដេញថ្លៃគម្រោងអភិវឌ្ឍឃុំ សង្កាត់ក្រោយៗទៀត ជៀសវៀងរដ្ឋចាយលុយទំហ៊ុំធំ តែលទ្ធផលដែលទទួលបានគឺផ្លូវគ្មានគុណភាព ៕ ដោយ ៖ បង ខន

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More