Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រើឧបករណ៍ឆក់សម្លាប់សត្វ តែឆក់មនុស្ស!

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២ និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភ្នំច្រកចង្អៀត ស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីឆក់ដោយចរន្តអគ្គិសនីចេញពីឧបករណ៍កែច្នៃមួយបានកើតឡើង ខណៈដែលបុរសជាអ្នកឆ្លុះ និងបរបាញ់សត្វព្រៃ ម្នាក់ឈ្មោះ រ៉ាន់ សុផាត អាយុ៤២ឆ្នាំ មានទីលំនៅស្នាក់នៅក្នុងមូលដ្ឋានភូមិឃុំកើតហេតុខាងលើ កំពុងប្រើឧបករណ៍កែវឆ្លុះ ដើរបរបាញ់សត្វព្រៃ នាពេលយប់។

ពេលកំពុងដើរលបៗ ជើងរបស់គាត់បានទាក់ជាមួយខ្សែកាប ដែលមានចរន្តអគ្គិសនី បណ្តាលឱ្យឆក់ដួលនិងរងរបួស តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតទេ។

ជនរងគ្រោះ ត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យហើយ ព័ត៌មានអំពីករណីនេះ ត្រូវបានដឹងដល់សមត្ថកិច្ចនគរបាលស្រុកសំឡូត។ ផ្តើមពីចំណុចនេះ សមត្ថកិច្ចនគរបាលស្រុកសំឡូត ដែលមានលោកវរសេនីយ៍ទោ ម៉ែន រីម ជាអធិការនគរបាលស្រុកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេ្តបាត់ដំបងស្នើសុំការអនុញ្ញតស្រាវជ្រាវករណីនេះ។

ឆ្លងតាមរយនៃការស្រាវជ្រាវ នៅថ្ងៃដដែលសមត្ថកិច្ចនគរបាល បានធ្វើការឃាត់ខ្លួនបុរសជាម្ចាស់ឧបករណ៍ឆក់ខាងលើដើម្បីធ្វើការស្រាវជ្រាវ ។ បុរសនោះ ឈ្មោះសួន ឈីន ហៅខ្យង អាយុ ៥៤ឆ្នាំ រស់នៅក្នុងមូលដ្ឋាន ជាមួយគ្នានឹងជនរងគ្រោះដែរ ។

នៅចំពោះមុខសមត្ថកិច្ចគាត់បានឆ្លើយទទួល ស្គាល់ថា ឧបករណ៍ម៉ូទ័រឆក់ ដែលបានបង្កឱ្យឈ្មោះ រ៉ាន់ សុផាត រងគ្រោះថ្នាក់នេះ គឺជាស្នាដៃរបស់គាត់ ដែលបានពង្រាយឆក់សម្លាប់សត្វព្រៃ នាពេលយប់។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកបានបញ្ជាក់ថា នៅពេលនេះបុរស ឈ្មោះ រ៉ាន់ សុផាត កំពុងទទួលការព្យាបាលជម្ងឺ ពីករណីនេះ ក៍ប៉ុន្តែពួកគាត់ទាំងពីរនាក់សុទ្ធតែជាអ្នកប្រព្រឹត្តល្មើសច្បាប់ដោយការបរបាញ់សត្វព្រៃ ដែលច្បាប់បានហាមឃាត់ រីឯបុរសជាអ្នករាយអន្ទាក់ អគ្គិសនីឆក់នេះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់វិធានការតាមផ្លូវច្បាប់រួចហើយ ។

ជុំវិញករណីនេះ លោក ម៉ែន រីម បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកសំឡូត សូមមេត្តាបញ្ឈប់នូវសកម្មភាពបរបាញ់សត្វ ឬសកម្មភាពផ្សេងទៀតដែលទាក់ទងជាមួយនឹងសត្វព្រៃ ដោយនាំគ្នាគិតគូរពីការអភិរក្ស ការថែរក្សាវិញទើបល្អប្រសើរ។

ការកត់សម្គាល់ ចំពោះការនាំគ្នា កែច្នៃម៉ូទ័រប្រើអាគុយជាឧបករណ៍ឆក់ហើយយកទៅដាក់ពង្រាយនៅក្នុងព្រៃបែបនេះ គឺជិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់អាយុជីវិត មិនត្រឹមតែសត្វតូច សត្វធំនោះទេ មនុស្សដែលមានវត្តមាននៅចំណុចនោះក៍ត្រូវទទួលរងគ្រោះថ្នាក់ដល់ជីវិតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More