Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពលរដ្ឋ៧៨១៩គ្រួសារ ក្នុង ស្រុកក្រគរ ទទួលអំណោយ លោក ហ៊ុន ម៉ាណែត និង លោកស្រី

ពោធិ៍សាត់៖ ព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារគ្រប់គ្រងនិស្សិតនៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (ក្រុមទី០៦) ដឹកនាំដោយ លោក ម៉ី វ៉ាន់ និងលោក កែវ រតនៈ បាននាំយកអំណាយដ៏ថ្លៃថ្លា និងការសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ ៧៨១៩គ្រួសារក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារទី៦ នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានលើកឡើងថាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែតនិងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាក់ស្ដែងថ្ងៃនេះ លោកបានមើលឃើញការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ទើបក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី និងសប្បុរសជនដទៃទៀត មកប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៧៨១៩គ្រួសារក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកម៉ី វ៉ាន់ បានបន្តថា ទោះបីអំណោយនាពេលនេះគឺមិនទាន់គ្រប់គ្រាន់នឹងតម្រូវការរបស់ប្រជាពលរដ្ឋណាក៏ដោយ ក៏ប៉ុន្តែបានដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋចំពោះមុខ។ ក្រោយពីទឹកស្រក សូមបងប្អូនប្រជាពលរដ្ឋខំបង្កបង្កើនផល ដាំដំណាំ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងយកចិត្តទុកដាក់ថែទាំសុខភាពការពារការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសត្រូវយកចិត្តទុកដាក់នៅក្នុងការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩តាមវិធានការរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជនដទៃទៀតប្រគល់ជូនប្រជាពលរដ្ឋ៧៨១៩គ្រួសារ នៅក្នុងឃុំចំនួន៤ នៃស្រុកក្រគរ ក្នុងនោះ ឃុំក្បាលត្រាចមានចំនួន ៣១០៤គ្រួសារ ឃុំកំពង់លួង មានចំនួន៩៨៧គ្រួសារ ឃុំអូសណ្តាន់មានចំនួន១៨៤ គ្រួសារ និងឃុំកំពង់ពោធិ មានចំនួន១៨៨៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ និងគ្រឿងឧបភោគ បរិភោគដើម្បីដោះស្រាយការលំបាកប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More