Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ហ្វេសប៊ុក Rath Rath ៖ ករណី អាចជា ចោរឆក់ ឬគាបស៊ីម៉ូតូ ជាព័ត៌មាន មិនពិត!

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបំភ្លឺជូនម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ Rath Rath ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានខ្លឹមសារថា៖ ” ករណី អាចជាចោរឆក់ ឬគៀបស៊ីម៉ូតូ មិនដឹង ទីតាំង៖ នៅខាងក្រោមរោងចក្រភូមិយួនចំងាយ 100m ម្តុំទួលក្រសាំង ទីតាំងងងឹតគ្មានភ្លើងបំភ្លឺផ្លូវ ដាច់ស្រយ៉ាលពីផ្ទះអ្នកភូមិ បើតាមសម្តីអ្នករងគ្រោះថា ចោរឆក់កាបូប សូមបងប្អូនប្រុងប្រយ័ត្នពិសេសនារីៗ”។

ក្រោយពីទទួលបានព័ត៌មាន ខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវករណីនេះជាបន្ទាន់ បន្ទាប់មកលោកអធិការបានចាត់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅចុះស្រាវជ្រាវនៅចំណុចទីតាំងកើតហេតុខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ ភន ធារ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣០នាទី ខណៈគាត់កំពុងអង្គុយនៅមុខផ្ទះលក់បាយរបស់ខ្លួន ក៏បានឃើញម៉ូតូ០១គ្រឿងបើកបរដោយស្ត្រីម្នាក់ (មិនធ្លាប់ស្គាល់គ្នា) បានជិះកាត់មុខផ្ទះរបស់គាត់ក្នុងទិសដៅពីតាខ្មៅឆ្ពោះទៅស្អាង ។

ក្រោយពីហួសពីផ្ទះគាត់ប្រហែល ៨០ម៉ែត្រ ស្រាប់តែឮសូរ “ប្រាវ” ហើយគាត់ក៏បានរត់ទៅមើលឃើញស្រ្តីម្នាក់បានជិះម៉ូតូម៉ាក Honda Dream ដួល ភ្លាមនោះគាត់បានជួយធ្វើចលនាសង្គ្រោះបឋមដល់ជនរងគ្រោះដែលសន្លប់បាត់ស្មារតី ។ ក្រោយពីជនរងគ្រោះដឹងខ្លួនវិញគាត់ក៏បានយកទូរសព្ទរបស់ជនរងគ្រោះ តេទូរសព្ទទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ឱ្យមកទទួលយកជនរងគ្រោះត្រឡប់ទៅផ្ទះ។ ចំណែកសម្ភារៈដែលបានឃើញមានជាប់នឹងខ្លួនរបស់ជនរងគ្រោះមានទូរសព្ទមួយគ្រឿង កាបូបដៃមួយ និងស្បែកជើងមួយគូ ក្រៅពីនោះមិនមានអ្វីទៀតឡើយ ហើយគាត់ក៏បានប្រគល់ឱ្យទៅជនរងគ្រោះវិញអស់ហើយដែរ ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Rath Rath ជាព័ត៌មានមិនពិត ដោយយោងតាមការបំភ្លឺ របស់សាក្សីខាងលើ គឺជាករណី គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលដោយខ្លួនឯង និងពុំទាក់ទង និងបទល្មើសព្រហ្មទណ្ឌឡើយ ។

អាស្រ័យហេតុនេះ សូមសាធារណជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More