ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល ឡានដឹកដី មកពីក្រោយ កិនស្លាប់ភ្លាមៗ

ភ្នំពេញ ៖ ជាងកាត់សក់ ត្រូវបានរថយន្តបែនដឹកដី បើកកិនពីលើ ស្លាប់ក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ច កាលពីវេលាម៉ោង ២ និង៣០នាទី រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ថានីយ៍បូមទឹកបឹងត្របែក តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៊ុត សុភ័ក្ត្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាជាងកាត់សក់ ស្នាក់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រីឯអ្នកបើករថយន្តបង្កមាន ឈ្មោះ ហឿង រ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបរ ស្នាក់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភព ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ មួយគ្រឿង របស់ជនរងគ្រោះ ម៉ាក QBIX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6599 និងរថយន្តដឹកដី មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ TK-1985 ជិះស្របទិសគ្នា ខណៈពេលដែលជិះមកដល់ត្រង់ចំណុចស្ថានីយ បូមទឹក បឹងត្របែក ក៏មានម៉ូតូ មួយគ្រឿងទៀត មិនចាំម៉ាកបានទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួល ស្រាប់តែពេលនោះ រថយន្តដឹកដីដែលបើកមកពីក្រោយ បានកិនបុរសខាងលើស្លាប់ ក្នុងថ្លុកឈាមភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ រថយន្តដឹកដីខាងលើ បានបើកចេញពីកន្លែងកើតហេតុភ្លាមៗ តែត្រូវសមត្ថកិច្ចដេញតាមពីក្រោយរហូតដល់ត្រង់ចំណុចផ្លូវ៦០ម៉ត្រ ក៏ត្រូវប្រជាពលរដ្ឋឃាត់បាន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងក្នុងករណីខាងលើ បានយកម៉ូតូ និងរថយន្តបង្ក ព្រមទាំងនាំយកជនបង្កទៅកាន់ការិយាល័យចរាចរណ៍ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកសពបុរសខាងលើ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ ម៉េង

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More