ថ្ងៃមុន! ខេត្តកែប កំពត កំពង់ចាម ថ្ងៃនេះ រាលដាលដល់ តាកែវទៀត!

រឿងដដែលៗនេះ បន្តកើតឡើង នៅខេត្តមួយចំនួនដូចជា ៖ ខេត្តកែប កំពត កំពង់ចាម និង តាកែវ ករណីជន ខិលខូច បង្កើតគណនីក្លែងក្លាយបង្ហោះព័ត៌មាន ក្លែងក្លាយ នាំអោយប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូ របស់ថ្នាក់ដឹកនាំ ហើយភ្លាមៗ នោះគេឃើញអាជ្ញាធរ ឬស្ថាបនពាក់ព័ន្ធចេញមកបំភ្លឺការពិតផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺព័ត៌មានរបស់ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូន សាធារណៈជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាប ថា គណនីហ្វេសប៊ុកឈ្មោះ Veth Vannon បានធ្វើការបង្ហោះព័ត៌មានមួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

សូមបញ្ជាក់ជូនថា គណនីដែលបានផ្សព្វផ្សាយមិនមែនជាគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវទេ និងសូមថ្កោលទោសចំពោះជនទាំងឡាយណាដែលបង្កើតព័ត៌មានក្លែងក្លាយធ្វើមានការភាន់ច្រឡំ និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋមកលើសមត្ថកិច្ចផងដែរ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងរូបភាពដែលបានផ្សព្វផ្សាយនេះ និងសូមអញ្ជើញម្ចាស់គណនីហ្វេសប៊ុកVeth Vannon ចូលមកធ្វើការបំភ្លឺ និងបកស្រាយ ព្រមទាំងសហការជាមួយសមត្ថកិច្ច ដើម្បីស្រាវជ្រាវស្វែងរកជនដែលបានបង្កើតគណនីក្លែងក្លាយដោយបានប្រើប្រាស់រូបថត និងឈ្មោះថ្នាក់នាំ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមអំពាវនាវដល់សាធារណៈជន ដែលនិយមតាមដានបណ្ដាញសង្គម សូមបញ្ឈប់នូវការចែករំលែកនូវព័ត៌មានប្រឌិតទាំងនេះ និងចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវជនល្មើសមកផ្តន្ទាទោស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដែលបងប្អូនបានយល់អំពីទង្វើទុច្ចរិតរបស់ក្រុមជនមួយក្តាប់តូចដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបម្រើផលប្រយោជន៍ខ្លួនឯង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សូមអរគុណ!!!

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More