គណនី ហ្វេកបុក ឈ្មោះ Sey Ha បន្តបង្ហោះ ព័ត៌មាន ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ
ខេត្តកែប៖ ឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប សូមជម្រាបជូន សាធារណ:ជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មេត្តាជ្រាប ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ មានគណនីហ្វេកបុកឈ្មោះ Sey Ha បានធ្វើការបង្ហោះព័ត៌មាន មួយ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក។
ឧត្តមសេនីយ៍ត្រី ប៉ូង សុខេង សូមធ្វើការបដិសេធទាំងស្រុងចំពោះ រូបភាព និងខ្លឹមសារ នៃព័ត៌មាននេះ និងចាត់ទុកថាម្ចាស់គណនីហ្វេសប៊ុកខាងលើមានចេតនាផលិតព័ត៌មាន និងកាត់តរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជារូបលោកផងដែរ។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកែប នឹងបន្តធ្វើការស្រាវជ្រាវស្វែងរកម្ចាស់គណនីហ្វេសប៊ុកខាងលើឲ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកែប ក៏ដូចជារូបលោកផ្ទាល់ សូមអំពាវនាវដល់សាធារណជន បណ្ដាញសង្គម សូមកុំមានការយល់ច្រឡំចំពោះករណីនេះ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជនទាំងអស់ដែលតែងតែសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងការរួមចំណែកលើកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម៕
សូមរំលឹកផងដែរថា ករណី ស្រដៀងគ្នានេះ បានកើតឡើង ដំបូងឡើយ នៅខេត្តកែប កំពត កំពង់ចាម និង វិលចុះឡើង មកដល់ខេត្តកែបទៀត៕