អុញនោះ! ចោរលួចម៉ូតូពលរដ្ឋ មួយគ្រឿងទៀតហើយ លោកស្នងការ!
ខេត្តបាត់ដំបង៖ជាងសំណង់ម្នាក់ ទុកម៉ូតូខាងមុខផ្ទះដែលខ្លួនកំពុងសាងសង់ ត្រូវចោរលួចកាច់សោរក ម៉ូតូយកទៅបាត់បង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខាងកើតផ្សារថ្មី ចំណុចភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ជនរងគ្រោះឈ្មោះ ឃឹម សាន មុខរបរ ជាងសំណង់ មានទីលំនៅក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ម៉ូតូដែលជនសង្ស័យបានលួចនោះគឺម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខបាត់ដំបង1AK-9460។
ថ្វីបើកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបានជនសង្ស័យចំពោះករណីលួចម៉ូតូបានមួយចំនួនប្រាកដមែនប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាព ដោយសារក្រុមចោរដែលចាប់បានកន្លងទៅថ្មីៗនេះ គឺជាមុខសញ្ញាចាស់។
មហាជនបានសន្និដ្ឋានថា ជនសង្ស័យដែលទើបធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើអាចជាមុខសញ្ញាចាស់។
សូមបញ្ជាក់ថា ក្រោយពេលលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន បានឡើងកាន់តំណែងថ្មី ល្បែងចាក់បាល់តាមអនឡាញក៍ច្រើន ចោរក៍ច្រើន ជាហេតុធ្វើអោយពលរដ្ឋអស់ជំនឿយ៉ាងខ្លាំង៕ ដោយ ៖ សុខ កុសល