ទីតាំងបើកលេងល្បែងភ្នាល់ តាមប្រព័ន្ធអ៊ីនធើណេត មួយកន្លែង ក្នុងចំណោមច្រើនផ្សេងទៀត ត្រូវបាន អភិបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាប

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅព្រឹកថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌប្ញស្សីកែវ តំណាង ឯកឧត្តម អភិបាលខណ្ឌប្ញស្សីកែវ បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ កម្លាំងនគរបាល សណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំង គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់តាមប្រព័ន្ធអ៉ីនធើណែត (Internet) មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ ១៧៩ អា ផ្លូវបេតុង ក្រុមទី១៨ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន៧ នាក់ ជាអ្នកមើលការខុសត្រូវក្នុងទីតាំងនេះ ចំនួន ២នាក់ និងអ្នកលេង ចំនួន៥នាក់។
លើសពីនេះ បានដកហូត កុំព្យូទ័រចំនួន ១៤ ឈុត ( ម៉ូនីទ័រ ១៤គ្រឿង និង ម៉ាស៊ីន ១៤គ្រឿង) រួមទាំង សម្ភារៈជា តុកៅអីមួយចំនួនទៀត។ បច្ចុប្បន្ននេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕

ពលរដ្ឋ សម្តែងការសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការ របស់អភិបាលខណ្ឌឬស្សីកែវ  ក្នុងការចុះបង្ក្រាបល្បែងភ្នាល់ តាមប្រព័ន្ធអ៉ីនធើណេត មួយកន្លែងខាងលើ ហើយសំណូមពរដល់ លោកអភិបាល មេត្តាចុះបង្ក្រាបទីតាំងជាច្រើនកន្លែងទៀត ក្នុងខណ្ឌឬស្សីកែវ អោយអស់ពីមូលដ្ឋានផង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More