ជនខិលខូច លួចដកយកលុយពីគណនីក្នុងធនាគារ ABA​ អស់​ជាង ១ម៉ឺនដុល្លារ

ឯកឧត្តម ដួង តារា សូមអរគុណ ស្ថាប័នជំនាញពាក់ព័ន្ធ​ និងស្នងការនគរបាលខេត្តកំពង់ឆ្នាំង ករណីប្អូនស្រី ផាន សុគន្ធារី និងប្អូនប្រុស ស៊ូ ដារ៉ា ដែលបានដាក់ពាក្យគោរពមកសុំក្តីសណ្តាសពីសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗកន្លងទៅ ពេលនេះប្អូនស្រីបានជួបជុំប្តី​ កូនប្រុសអាយុ៥ឆ្នាំ​ ហើយក៏សម្រាលបានកូនតូចគួរអោយស្រឡាញ់ដែលបានអាយុ២០ថ្ងៃហើយ។

ជាអកុសល ប្អូនទាំងពីរក្រោយពី បានជួបជុំក្រុមគ្រួសាររួចមក ក៏ត្រូវបានជនខិលខូចដែលមានជំនាញបច្ចេកវិទ្យា (IT) បានលួចដកយកលុយពីគណនីក្នុងធនាគារ ABA​ អស់​ $15,800 ។

ថ្មីៗនេះ ជនខិលខូចក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកំពង់ឆ្នាំង ហើយភ្លាមៗនោះ សមត្ថកិច្ច បានដកហូតលុយ​ $15,800 ដែលជននេះលួចដកបង្វិលចេញទៅ Account ផ្សេងប្រគល់ទៅអោយប្អូនស្រី ផាន សុគន្ធារី និង ស៊ូ ដារ៉ា វិញ។

ការលួចដកលុយ (transfer) ចេញពី Account របស់ប្អូនទាំង២បញ្ជូនចេញទៅគណនីជនល្មើសកន្លងមក គឺធ្វើតាម​ABA App លើទូរស័ព្ទដៃរបស់ប្អូនទាំង២ដែលទូរស័ព្ទនេះត្រូវបានដកហូតទុកជាវត្ថុតាងចាប់យក និងរក្សាទុកដោយមន្រ្តីអនុវត្តច្បាប់ម្នាក់។

រឿងបុគ្គលដែលប្រព្រឹត្តិខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់នូវអ្វីដែលខ្លួនបានប្រព្រឹត្តិខុស​ ហើយមិនត្រូវអូសអង្គភាព ស្ថាប័ន ឬក្រសួងមកពាក់ព័ន្ធជាមួយអំពើល្មើសដែលខ្លួនបានប្រព្រឹត្តិឡើយ។

នេះក៏ជាមេរៀនសម្រាប់មន្រ្តីនានា ដែលមានភារកិច្ចដូចនេះ កុំអោយបន្តប្រព្រឹត្តិខុសយកទូរស័ព្វនិងលេខសំងាត់ (Password) ជនរគ្រោះទៅលួចដកលុយដូចករណីខាងលើ គឺខុសនឹងច្បាប់ធ្ងន់ធ្ងរ ។

មន្រ្តីអនុវត្តច្បាប់ ដែលប្រព្រឹត្តិទង្វើរខុសច្បាប់ និងខ្វះក្រមសីលធម៍វិជ្ជាជីវៈបែបនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ យើងក៏មិនត្រូវលើកទឹកចិត្តអោយមន្រ្តីខិលខូចធ្វើបាបពលរដ្ឋស្លូតត្រង់ហើយបន្តប្រព្រឹត្តិអំពើខុសច្បាប់ និងខុសក្រមសីលធម៍វិជ្ជាជីវៈតទៅទៀតឡើយ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More