ល្បែងឡូតូ ចាក់ពេញ ផ្សារព្រែកបិ មានដូចពលរដ្ឋរាយការណ៍មែន តែមានអាជ្ញាប័ណ្ណអនុញ្ញាត!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លេីយតបបំភ្លឺជូន ម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថាៈ « ល្បែងឡូតូ ចាក់ពេញផ្សារព្រែកបិ ក្នុងហាងកាហ្វេទល់មុខផ្ទះលក់សំណង់ ហេង ហ៊ត »។
ក្រោយពីទទួលបានដំណឹងភ្លាម ដោយបានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានបញ្ជាឱ្យផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបលកោះធំ(ខ) ចុះធ្វេីការស្រាវជ្រាវករណីនេះភ្លាមៗ។
ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះកម្លាំងនគរបាលប៉ុស្ដិ៍កោះធំ(ខ) បានចុះពិនិត្យដល់ទីតាំងខាងលេី គឺស្ថិតនៅចំណុចផ្ទះឈ្មោះ វ៉យ វ៉ាន់ឌី ភេទប្រុស ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ពិតជាមានដាក់ឱ្យលេងល្បែងឆ្នោតឡូតូ ប្រាកដមែន តែឆ្នោតឡូតូនោះ របស់ក្រុមហ៊ុន អេវើរី ប្រាយ រីច ត្រេឌីង ខមភេនី អិលធីឌី គឺមានអាជ្ញាប័ណ្ណអនុញ្ញាតឱ្យប្រកបអាជីវកម្មត្រឹមត្រូវ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប ៕