ច្បាស់ហើយ! បុគ្គល ដកកាំភ្លើង គំរាមយុវជនម្នាក់ នៅផ្តុំផ្សារថ្មី អត់មានឈ្មោះក្នុងអាវុធហត្ថទេ!

កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “ព័ត៌មានទាន់ហេតុការណ៍” បានសរសេរអត្ថបទមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថា “គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ដកកាំភ្លើងគំរាមយុវជនម្នាក់”។

លោឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាប​ជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធី។

មន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ថា បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មាន​ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។

ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណាដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។

ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូច​ទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូ​វ​តែគោរព បទល្មើសត្រូវតែបង្ក្រាប”។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More