អភិបាលស្រុក គំរូ តែងពីយល់សុខទុក្ខ របស់ពលរដ្ឋ!

ខេត្តសៀមរាប៖  លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នាំយកអំណោយសប្បុរសធម៌ និងគ្រាប់ពូជបន្លែ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំណូលថ្មីចំនួន១០០គ្រួសារ ដែលទើបតែបានផ្លាស់ប្តូរទីលំនៅមកកាន់ស្រុកបន្ទាយស្រី (ក្នុងភូមិធម្មជាតិរុនតាឯក) ក្រោយពីទទួលបានការដោះស្រាយគោលនយោបាយជាដីឡូតិ៍ដោយរដ្ឋបាលខេត្តសៀមរាប សម្រាប់ការយល់ព្រមរុះរើសំណង់អនាធិបតេយ្យចេញពីតំបន់ចំណីស្ទឹងក្នុងក្រុងសៀមរាបរួចមក។

អំណោយជាគ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជបន្លែទាំងនេះ បានមកពីការរួមគ្នាឧបត្ថម្ភពីសំណាក់អង្គការគាំទ្រសាលារៀនជនបទ និងលោកជំទាវ វណ្ណ លុយ តបតាមការអំពាវនាវរបស់រដ្ឋបាលស្រុក ដើម្បីជួយគាំទ្រជាបណ្តោះអាសន្នដល់ក្រុមប្រជាពលរដ្ឋទាំងនេះ ដែលសុទ្ធសឹងតែមានជីវភាពខ្វះខាតខ្លាំង និងត្រូវការការជួយជ្រោមជ្រែងទៅលើជីវភាពប្រចាំថ្ងៃ ជាពិសេសក្នុងដំណាក់កាលដំបូង ដែលពួកគាត់កំពុងរវល់រៀបចំផ្ទះសម្បែងរបស់ខ្លួនឡើងវិញ។

ការរៀបចំជីវិតសារជាថ្មីពិតជាមិនងាយស្រួលឡើយ ម្យ៉ាងវិញទៀត ពួកគាត់ធ្លាប់តែរស់នៅក្នុងតំបន់អនាធិបតេយ្យដោយខុសច្បាប់ មិនដែលធ្លាប់មានដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ដូច្នេះត្រូវរៀនទម្លាប់រស់នៅក្នុងរបត់ថ្មីមួយ ដែលនឹងក្លាយជាក្តីសង្ឃឹមដ៏សំខាន់ដើម្បីចាកចេញពីជីវភាពក្រលំបាក។ ខ្ញុំក៏បានរំលឹកឱ្យបងប្អូនទាំងអស់ ត្រូវសង្វាតលើការបញ្ជូនកូនៗឱ្យទៅសាលារៀន ទោះជារវល់ ឬលំបាកយ៉ាងណាក៏ដោយ ព្រោះមានតែការអប់រំទេ ដែលនឹងអាចកាត់ផ្តាច់វដ្តជីវិតនៃភាពក្រីក្រនៅជំនាន់ក្រោយបាន។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាបកំពុងផ្តល់ការគាំទ្រទាំងផ្នែករចនាសម្ព័ន្ធ និងការតបណ្តាញទឹកភ្លើងរួចហើយ នៅពេលដែលពួកគាត់អាចរក្សាលំនឹងបានបន្តិច រដ្ឋបាលស្រុកនឹងផ្តល់ការគាំទ្របន្ថែមទៀតទៅលើផ្នែកជីវភាព តាមរយៈការបង្កើតការងារថ្មី មុខរបរ ជំនាញ ក៏ដូចជាកៀរគររកដៃគូ អង្គការ និងសប្បុរសជននានាជាដើម។

ដោយសង្កេតឃើញស្ថានភាពប៉ុន្មានថ្ងៃនេះចុះត្រជាក់ខ្លាំង ខ្ញុំ និងភរិយាក៏បានទិញបន្ថែមភួយដណ្តប់សម្រាប់ជូនដល់គ្រួសារនីមួយៗផងដែរ សង្ឃឹមថានឹងបានបន្ថែមភាពកក់ក្តៅបន្តិចបន្តួចទៀត។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More