លេងកីឡា ដើម្បីសុខភាព បញ្ចៀសពីការសេពគ្រឿងញៀន!

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី វាយស៊ីខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ។

លោក ថោង វីរ៉ូ គ្រូបង្វឹកកីឡាករវាយសីខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពវាយសីនៅខេត្តព្រះសីហនុ មុនតំបូងកើតមាននៅមន្ទីរកសិកម្ម បន្ទាប់មកនៅមន្ទីររៀបចំដែនដី និងចុងក្រោយនៅក្នុង សាលាខេត្តព្រះសីហនុ រហូតមកដល់សព្វថ្ងៃនេះ។ ការលេងកីឡា ដើម្បីសុខភាព បញ្ចៀសពីការសេពគ្រឿងញៀន ទន្ទឹមនោះយើងក៏មានកីឡាករ កីឡាការិនីវាយសីចំនួន ១៨នាក់ ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ និងឈានទៅប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខផងដែរ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយកីឡាករ កីឡាការិនីវាយសី ខេត្តព្រះសីហនុ ហើយនេះជាមោទនភាពសម្រាប់កីឡាករវាយសីរបស់យើងបានចូលរួមជាមួយសង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងកីឡា ពិសេស ប្រជាពលរដ្ឋប្រកាន់យកការលេងកីឡាដើម្បីសុខភាព មានទំនាក់ទំនង សាមគ្គីភាពរួមចំណែកកាត់បន្ថយសកម្មភាពអសកម្មនានា ដូចជាគ្រឿងញៀនជាដើម ។

ឯកឧត្តម គួច ចំរើន បន្តថាការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យយុវជនយើងចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅក្នុងតំបន់អាស៊ាន ហើយអ្វីសំខាន់កម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជានៅឆ្នាំ២០២៣ ខាងមុខ។ រាជរដ្ឋាភិបាលបានសាងសង់ទីលានលេងកីឡានៅរាជធានី និងខេត្តមួយចំនួន ដូច្នេះយើងត្រូវមានកីឡាករ ចូលរួមប្រកួតគ្រប់វិញ្ញាសារឱ្យបានកាន់តែច្រើន។ ប៉ុន្មានឆ្នាំចុងក្រោយរាជរដ្ឋាភិបាលបានចលនាមហាជន ឱ្យចូលរួមហ្វឹកហាត់ និងលេងកីឡា ដោយមានគ្រូបង្វឹកមកពីបរទេស។

ម្យ៉ាងទៀត កីឡាវាយសីខេត្តព្រះសីហនុ ដែលត្រូវចូលរួមប្រកួតជំរើសជាតិ ត្រូវខិតខំបញ្ចេញទេពកោសល សមត្ថភាព កម្លាំងកាយ ដើម្បីដណ្តើមជ័យជំនះសម្រាប់ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីមានលទ្ធភាពឱ្យក្រុមកីឡារយើងមានលទ្ធភាពទៅចូលរួមប្រកួតកីឡាវាយសីនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនកីឡាករ កីឡាការិនីចំនួន ១៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០ដុល្លាអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More