Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សាខាកាំកុងត្រូល ខេត្តប៉ៃលិន ចុះពិនិត្យស្តង់អង្ករមួយកន្លែង ខណៈប្រជាពលរដ្ឋសង្ស័យថា មានអង្ករជាតិជ័រប្លាស្ទិក

ប៉ៃលិន៖ បន្ទាប់ពីប្រជាពលរដ្ឋមួយគ្រួសារ រស់នៅក្នុងក្រុងប៉ៃលិន ផ្អើលឆោរឡោដោយសង្ស័យថា អង្ករដែលខ្លួនបានទិញពីស្តង់មួយកន្លែងខាងជើងផ្សារប៉ាហ៊ី យកទៅដាំបាយហូប ទើបមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងកងកម្លាំងសមត្ថកិច្ចនគរ បាលស្នងការខេត្ត បានចុះត្រួតពិនិត្យស្តង់អង្ករនោះភ្លាមៗ។ តែក្រោយពេលពិនិត្យ និងធ្វើពិសោធន៍ គឺរកមិនឃើញថា អង្ករមានជាតិជ័រកៅស៊ូនោះទេ ដោយហេតុការណ៍ចុះត្រួតពិនិត្យអង្ករដែលសង្ស័យថាមានជ័រប្លាស្ទិកនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ រហូតដល់ម៉ោង ៦៖១០នាទីព្រលប់ ស្ថិតនៅខាងជើងផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

 
សូមបញ្ជាក់ថា៖ នៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ គ្រួសារមួយ បានយកអង្ករទៅលីងបម្រុងនឹងដាក់ជាមួយផ្អកត្រីប្រៃ ដើម្បីទទួលទាន លុះលីងរហូតដល់ខ្លោច ពិនិត្យទៅឃើញ សង្ស័យថា មានជ័រដុំៗ ក៏ផ្អើលតែម្តង ក្រោយពេលទទួលដំណឹងពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ទិត្យ អុល ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធ ឈ្មោះ ចាន់ ចំរើន អាយុ ៥០ឆ្នាំ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទើបសមត្ថកិច្ចជំនាញចម្រុះចុះពិនិត្យជាក់ស្តែងតែម្តង។

 
បើតាមការបញ្ជាក់ពីមន្រ្តីកាំកុងត្រូលសាខាខេត្តប៉ៃលិន បានឱ្យដឹងថា មូលហេតុ ដែលប្រជាពលរដ្ឋមួយគ្រួសារខាងលើ លីងអង្កររហូតដល់ខ្លោចខ្លាំងពេក ហើយចេញជ័រស្រដៀងនឹងជាតិជ័រកៅស៊ូនោះ ព្រោះតែពួកគាត់លីងរហូតដល់ហួសកំរិតជ្រុល ទើបក្លាយទៅជាដុំៗ ដូចជ័រកៅស៊ូបែបនេះ ហើយបើសិនជាអង្ករនោះមានជាតិជ័រកៅស៊ូប្លាស្ទិកប្រាកដមែន យើងគ្រាន់តែលីងឱ្យខ្លោចក្រហមធម្មតា អាចនឹងរកឃើញជ័រកៅស៊ូ។

 

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល អ្វីនោះឡើយ ការនិយាយតៗ គ្នាពីមាត់មួយទៅមាត់មួយ មិនមែនជាការពិតនោះទេ ហើយការធ្វើពិសោធន៍របស់ប្រជាពលរដ្ឋខាងលើ ក៏មិនអាចបញ្ជាក់ពិតប្រាកដនោះដែរ ព្រោះធ្វើខុសពីលក្ខណៈបច្ចេកទេស។

 
ទោះបីជាយ៉ាងណាក៍ដោយ ក្រោយពីត្រួតពិនិត្យរកអត់ឃើញថាអង្ករក្នុងស្តង់ខាងលើមានជាតិប្លាស្ទិក ខាងម្ចាស់ស្តង់ បានខឹងសម្បារយ៉ាងខ្លាំងនឹងបុរសម្នាក់ខាងលើ ហើយក៍ទាមទារឱ្យសងថ្លៃជម្ងឺចិត្ត ខណៈធ្វើឱ្យអ្នកដែលធ្លាប់ទិញអង្ករពីកន្លែងរបស់គាត់ខ្លាចរអារ លែងហ៊ានចូលទៅទិញអង្កររបស់គាត់ ដូចកាលពីមុនទៀត ៕ ដោយ៖ ញ៉ឹប បូរី

img-20161030-wa0084 img-20161030-wa0083 img-20161030-wa0082}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More