Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អគ្គស្នងការនគរបាលជាតិជំរុញដល់គ្រប់ស្នងការដ្ឋានរាជធានី-ខេត្ត ត្រូវពង្រឹងសមត្ថភាព និងការងារជំនាញដល់កម្លាំងនគរបាលទាំងអស់

កំពង់ស្ពឺ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ត្រូវតែបង្កើនការបំពាក់បំប៉នជំនាញដល់មន្ត្រីនគរបាលឲ្យមានសមត្ថភាពខ្ពស់ ជំនាញការងារច្បាស់លាស់ដើម្បីអនុវត្តន៍ច្បាប់ បម្រើសេវាជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។ នាឱកាសចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ដែលមានប្រតិភូអបដំណើរមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលមកពី ៦ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីនគរបាលទូទាំងខេត្តកំពង់ស្ពឺគ្រប់លំដាប់ថ្នាក់។ ការប្រកាសតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានធ្វើឡើងតាមប្រកាសលេខ ៤០៥៥ ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងលោកឧត្តមសេនីយ៍ត្រី សម សាមួន អត្តលេខ ០១៤១៤ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ ជាស្នងការ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ទោ កែវ ពិសី ដែលត្រូវចូលនិវត្តន៍។
លោកឧត្តមសេនីយ៍ទោ កែវ ពិសី ដែលត្រូវចូលនិវត្តន៍បានឡើងអាននូវរបាយការណ៍ស្ថានភាពភូមិសាស្រ្តទូទៅរបស់ខេត្តកំពង់ស្ពឺ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសកម្មការងារដែលបានអនុវត្តន៍ក្នុងដំណាក់ការលោកដឹកនាំស្នងការដ្ឋានខេត្តកំពង់ស្ពឺ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ទទួលបានជោគជ័យគ្រប់បែបយ៉ាងក្នុងការថែរក្សាសុខសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដោយមានការចូលរួមពីកងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ អង្គភាពនានាជុំវិញខេត្ត ស្រុក ក្រុង និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារមានទំនុកចិត្តពីពីអាជ្ញាធរថ្នាក់ក្រោមជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចថ្មីជូនលោកឧត្តមសេនីយ៍ត្រី សម សាមួន ទទួលភារកិច្ចថ្មីជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់លោកស្នងការត្រូវតែសហការជាមួយគ្រប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សុខសន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមឲ្យបានល្អប្រសើរ បន្តស្រាវជ្រាវទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលកើតមានឡើងដូចជាបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ដើម្បីផ្តល់ទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ការប្រតិបត្តិច្បាប់បង្កើននីតិរដ្ឋ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ថែរក្សាផ្ទៃក្នុងសាមគ្គីភាពក្នុងអង្គភាពឲ្យបានល្អ ត្រូវបំពេញភារកិច្ច តួនាទី បទបញ្ជារបស់ថ្នាក់លើ និងកុំយកអំណាចទៅប្រើក្នុងការគាបសង្កត់ប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ៩ចំណុចតែម្តង។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ដែលទទួលភារកិច្ចថ្មីជាស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានឡើងប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ច តួនាទីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដូចជាការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចោរលួច ឆក់ ប្លន់ គ្រឿងញៀន លប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បី បង្កើនការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រក្សាសាមគ្គីភាពក្នុងអង្គភាព និងសហការយ៉ាងស្អិតរមួតជាមួយស្ថានប័នពាក់ព័ន្ធផ្សេងៗ ជាពិសេសផែនការរបស់ថ្នាក់លើដែលដាក់ជូនឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើដល់លោកឧត្តមសេនីយ៍ទោ កែវ ពិសី ដែលបានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលបានកើតមានក្នុងពេលលោកបំពេញភារកិច្ចជាស្នងការនគរបាលខេត្តកំពង់ស្ពឺ នាពេលកន្លងមក នឹងបានគាំទ្រាំនូវប្រសាសន៍ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ព្រមទាំងការប្តេជ្ញាចិត្តរបស់លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មីផងដែរ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា មន្ត្រីនគរបាលជាតិគ្រប់ស្នងការរាជធានី-ខេត្ត អធិការដ្ឋាន ក្រុង ស្រុក ខណ្ឌ រហូតប៉ុស្តិ៍រដ្ឋបាល ត្រូវតែយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់បទល្មើសគ្រប់បែបយ៉ាង ដើម្បីបង្កើនការទុកចិត្តពីប្រជាពលរដ្ឋគ្រប់មូលដ្ឋានតែម្តង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ បានបន្តថា ខេត្តកំពង់ស្ពឺមានប៉ុស្តិ៍រដ្ឋបាលសរុបចំនួន ៨៧ ក្នុងនោះ ប៉ុស្តិ៍ដែលអនុវត្តន៍ការងារខ្លាំងមានចំនួន ៦៣ មធ្យមចំនួន ៦១ និងខ្សោយចំនួន ១៣ ប៉ុស្តិ៍ ដោយឯកឧត្តមនាយឧត្តមសេនីយ៍បានជំរុញដល់ស្នងការនគរបាលថ្មីត្រូវតែខិតខំណែនាំដល់ប៉ុស្តិ៍ដែលខ្សោយឲ្យកែប្រែឥរិយាបទ និងប្រឹងប្រែងការបំពេញការងារដល់លទ្ធផលមធ្យម ហើយមធ្យមត្រូវបង្កើនឲ្យទៅខ្លាំង។ ឯកឧត្តម បន្តថា សម្រាប់ចុងឆ្នាំ២០១៦ ដើម្បីឆ្នាំ២០១៧នេះ អគ្គស្នងការនគរបាលជាតិ នឹងដាក់សំណើរទៅកាន់ក្រសួងមុខងារសាធារណៈ ដើម្បីដំឡើងឋានន្តរសក្តិថ្នាក់ អធិការនគរបាលក្រុង ស្រុក ដល់វរសេនីយ៍ឯក ដែលបច្ចុប្បន្នត្រឹមវរសេនីយ៍ទោ ព្រមទាំងតួរនាទីស្មើប្រធានការិយាល័យ ឬស្មើស្នងការរងដែលបច្ចុប្បន្នឋានៈស្មើនាយរងការិយាល័យប៉ុណ្ណោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា មូលហេតុដែលស្នើសុំគោការណ៍ដំឡើងសក្តិ និងតួនាទីដល់ថ្នាក់អធិការនេះ ព្រោះតែភារកិច្ចតួនាទីនៅថ្នាក់អធិការវាធំធេងណាស់ ដោយសារនៅជាប់ជាមួយប៉ុស្តិ៍រដ្ឋបាល និងចុះផ្ទាល់តាមមូលដ្ឋានគ្រប់កាលៈទេសៈជាមួយប្រជាពលរដ្ឋ។ ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មើសត្រូវតែសហការជាមួយកងរាជអាវុធហត្ថ តំបន់ប្រតិការសឹក អាជ្ញាធររហូតដល់មូលដ្ឋានទើបកិច្ចការងារទទួលបានជោគជ័យខ្ពស់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញដល់ស្នងការរាជធានី-ខេត្ត ត្រូវតែធ្វើផែនការជាក់ស្តែងក្នុងការការពារតាមមណ្ឌលបោះឆ្នោតនាពេលខាងមុខផ្អែកតាមគណៈបញ្ជាការឯកភាពខេត្តមានអភិបាលខេត្តជាប្រធានហើយនគរបាលជាតិជាសេនាធិការ បើខ្វះកម្លាំងត្រូវសហការជាមួយកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹកក្នុងការពង្រឹងសន្តិសុខពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ផែនការដល់គ្រប់ស្នងការនគរបាល ត្រូវតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញ សមត្ថភាពការងារ ភារកិច្ច តួនាទីរបស់នគរបាលជាតិឲ្យមានប្រសិទ្ធ យើងមិនចាំបាច់សង្ឃឹមតែលើបណ្ឌិត្យសភានគរបាលជាតិតែមួយមុខទេ ត្រូវតែបង្កើតកម្មវិធីសិក្សានៅតាមស្នងការដ្ឋានជាប្រចាំ បើសិនខ្វះខាត់គ្រូឧទ្ទេសនាមត្រូវរាយការណ៍ទៅសេនាធិការដ្ឋាន និងនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបំពេញតម្រូវការចាំបាច់ទាំងនោះ។ ចំពោះប៉ុស្តិ៍រដ្ឋបាលដែលពង្រឹងការងារហើយនៅតែខ្សោយត្រូវដកគាត់មកកន្លែងផ្សេង ដាក់អ្នកមានសមត្ថភាពឲ្យទៅបំពេញភារកិច្ចជំនួសវិញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើថា ដើម្បីអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព អំពីបញ្ហាល្បែងស៊ីសង កម្លាំងនគរបាលជាតិត្រូវតែអប់រំប្រជាពលរដ្ឋឲ្យយល់ពីផលប៉ះពាល់ នៃការលេងល្បែង ក្នុងនោះមានជល់មាន់ កន្ទុយលេខ និងល្បែងផ្សេងៗទៀតវានាំឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ។ រីឯបញ្ហារីករាលដាលគ្រឿង ញៀនរហូតដល់តំបន់ជនបទនគរបាលត្រូវសហការជាមួយអាជ្ញាធរចុះអប់រំយុវវ័យតាមសាលារៀន សហគមន៍មូលដ្ឋានផ្ទាល់ ព្រោះគ្រឿងកើតឡើងមកពីចំណុច ៣គឺ ៖ ទី១-មានការបង្ខិតបង្ខំឲ្យប្រើប្រាស់ ទី២-ការលួងលោមអូសទាញពីអ្នកគ្រឿងញៀនដោយបោកបញ្ឆោតឲ្យធ្លាក់ចូលផ្លូវគ្រឿងញៀន និងទី៣-ការចង់សាកល្បងរហូតក្លាយជាអ្នកញៀនគ្រឿងញៀន ដូច្នេះផែនការយុទ្ធសាសន៍គ្រប់រាជធានី-ខេត្ត ត្រូវរកដីរក្សាទុកដើម្បីកសាងមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀនដល់ជនរងគ្រោះទាំងនោះ ព្រោះពិភពលោកមិនទាន់មានថ្នាំសម្រាប់ព្យាបាលទេ។

ជាចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានជូនថវិកាដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ៥លានរៀល ដំបងភ្លើងចរាចរណ៍ ១៥០ អាវកាក់អន្តរាគមន៍ ៥០ អាវកាកចរាចរណ៍ ៥០ កងរាជអាវុធហត្ថខេត្ត២លានរៀល និងតំបន់ប្រតិបត្តិការសឹក ២លានរៀលផងដែរ ៕

14523126_922568361216517_207595540671729236_n 14900557_922568244549862_2102790466869624558_n 14908260_922567814549905_880499400099956436_n 14915606_922568251216528_2764083705611972917_n

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More