Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សន្និសីទបណ្តាភាគីលើកទី២២ (CoP22) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC)

ប្រទេសម៉ារុក៖ គណៈប្រតិភូកម្ពុជា ដែលមានសមាសភាពជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពកំពុងមានវត្ដមាននៅក្នុងសន្និសីទបណ្តាភាគីលើកទី២២ (CoP22) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) ដែលបាន និងកំពុងប្រព្រឹត្តទៅនៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារុក ចាប់ពីថ្ងៃទី៧ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ គោលបំណងនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាភាគីជាសមាជិកនៃអនុសញ្ញា UNFCCC គឺដើម្បីបន្តពង្រឹង និងបង្កើនការឆ្លើយតបជាសកលទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងការប្តេជ្ញាចិត្ត ការបង្កើនការអនុវត្ត និងការផ្តល់ការគាំទ្រពីភាគីពាក់ព័ន្ធ។

នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ឯកឧត្តម រដ្ឋមន្រ្តីប្រធានគណៈប្រតិភូ បានឡើងថ្លែងសុន្ទរកថា បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយបានគូសបញ្ជាក់ថា «កម្ពុជាបានបង្កើនការវិភាជន៍ថវិកាជាតិរបស់ខ្លួនសម្រាប់ចំណាយពាក់ព័ន្ធអាកាសធាតុជាប្រចាំ ហើយយើងកំពុងពិចារណារៀបចំវិធានការជាប្រព័ន្ធ ដើម្បីលើកកម្ពស់ការវិនិយោគឆ្លាតខាងអាកាសធាតុ ដោយរួមបញ្ចូលទាំងការបង្កើតក្រមបរិស្ថាន ការបង្កើតកញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន ការយកកម្រៃបន្ថែមលើសេវានៃការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាការបញ្ឈប់ការកាប់ព្រៃឈើ ហើយទន្ទឹមនឹងនោះ បាននិងកំពុងរៀបចំអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី គម្រោងរេដបូក និងគម្រោងការពារ និងអភិរក្សជីវៈចម្រុះជាច្រើនទៀត។

ឯកឧត្តម បានថ្លែងបញ្ជាក់ពីគោលជំហរកម្ពុជា ក្នុងការទាមទារឱ្យអន្ដរជាតិមានការប្តេជ្ញាចិត្តកាន់តែខ្លាំង និងមានយន្តការក្របខណ្ឌហិរញ្ញវត្ថុច្បាស់លាស់ ហើយឯកឧត្តមបន្ថែមទៀតថា ព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមអនុវត្តការប្តេជ្ញារបស់ខ្លួន ប៉ុន្តែឆន្ទៈទាំងនោះអាចនឹងសម្រេចទៅបាន ប្រសិនបើយើងទទួលបានការគាំទ្រគ្រប់គ្រាន់ និងទាន់ពេលវេលាពីដៃគូរបស់យើង។ ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច យើងត្រូវការការទទួលបានកាន់តែប្រសើរ និងទាន់ពេលវេលានូវហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ ការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រសម្រាប់កសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្សពីបណ្តាប្រទេសអភិវឌ្ឍន៍។

15078538_777889645683492_6346789101984561916_n14993569_777889602350163_3091712857841975913_n 15032185_777889592350164_3648309772752973201_n 15109583_777889619016828_167920224597014016_n

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More