Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រួសារ​នៃ​សព​អស់​ជំនឿ​លើ​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ស្នើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ អន្តរាគមន៍​រក​យុត្តិធម៌​

ភ្នំពេញ:គ្រួសារ​នៃ​សព​ស្ត្រី​មន្ត្រី​យោធា​ម្នាក់​ដែល​ត្រូវ​យុវជន​ម្នាក់​ចាក់​សម្លាប់​យ៉ាង​សហាវ​ឃោរឃៅ​កណ្ដាល​ថ្ងៃ​ត្រង់​ នៅ​ជិត​ផ្សារ​ដេប៉ូ​ ស្នើ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ អន្តរាគមន៍​រក​យុត្តិធម៌​ពិតប្រាកដ​ ខណៈ​ពួកគេ​អស់​ជំនឿ​លើ​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ។ថ្មីៗ​នេះ​ លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក៏​បែក​ធ្លាយ​រឿង​មិន​ប្រក្រតី​មួយ​ផងដែរ​ ចំពោះ​ករណី​ចំណាត់ការ​នីតិវិធី​បទល្មើស​ទទួល​ផល​ចោរ​កម្ម​ ។​

បញ្ហានេះ បានធ្វើឲ្យសាធារណជននិងអ្នកច្បាប់ សំណូមពរឲ្យស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រសួងយុត្តិធម៌ ពិសេស អង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើលលើចំណាត់ការនេះ ផង ព្រោះបច្ចុប្បន្ននេះមានហាងបញ្ចាំបែបនេះហើយ ទើបអំពើលួចឆក់ប្លន់នៅតែកើតមានជាហូរហែរ សមត្ថកិច្ចបង្ក្រាបមិនចេះអស់សោះ ពោលគឺសមត្ថកិច្ចអ្នកប្រឹងប្រែង រីឯតុលាការជាអ្នកដោះលែង ទៅវិញ ។

ការ​ស្នើ​អន្តរាគមន៍​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​យុវជន​ម្នាក់​ឈ្មោះ​ ម៉ី​ គឹមហេង​ ហៅ​ ដំ​ អាយុ​២១ឆ្នាំ​ ករណី​ចាក់​សម្លាប់​ស្ត្រី​ជា​មន្ត្រី​យោធា​ម្នាក់​ ឈ្មោះ លី ដាវី ហៅច្រឹប អាយុ៣៦ឆ្នាំ កាលពី​ថ្ងៃទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​កន្លែង​បើក​លុយ​វីង​ ស្ថិត​នៅ​ផ្ទះ​លេខ​១២​ ផ្លូវ​លេខ​២១៩​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌ​ទួលគោក​ ។​ ប៉ុន្តែ​ក្រោយ​ការ​សួរ​ដេញដោល​ លោក​ចៅក្រម​ជា​ សុខ​ចាន់​ដេត​ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ វិញ​ ។

ក្នុង​លិខិត​អន្តរាគមន៍​ដែល​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ឈ្មោះ​ លី​ ស៊ី​លេន​ ភេទស្រី​ អាយុ​៥៦ឆ្នាំ​ ជា​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​សុំ​ឲ្យ​លោក​ អង្គ​ វង្ស​វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ជួយ​អន្តរាគមន៍​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ឲ្យ​ផ្តន្ទា​ទោស​ឈ្មោះ​ ម៉ី​ គឹមហេង​ ឲ្យ​បាន​អតិបរមា​នាំ​ទោស​ ។

ឈ្មោះ​ លី​ ស៊ី​លេន​ បាន​រៀបរាប់​ថា​ តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ ម៉ី​ គឹមហេង​ គឺ​ មូលហេតុ​នៃ​ការ​សម្លាប់​នេះ​ ដោយសារ​ឈ្មោះ​ លី​ ដាវី​ កាលពី​ជាង​២ឆ្នាំ​មុន​និង​បន្តបន្ទាប់​មក​ទៀត​ ពេល​ឃើញ​ខ្លួន​តែងតែ​ស្តោះ​ទឹក​មាត់​ និង​ ងាក​មុខ​ចេញ​ ដោយ​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​ ។​ទង្វើ​នៃ​ការ​ស្អប់ខ្ពើម​នេះ​ធ្វើ​ឲ្យ​ខ្លួន​មាន​គំនុំ​ក្នុង​ចិត្ត​ រហូត​ដល់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ខ្លួន​បាន​អង្គុយ​អាន​សៀវភៅ​ក្នុង​ផ្ទះ​ រង់ចាំ​មើល​ជនរងគ្រោះ​ចេញ​ពី​ផ្ទះ​ ព្រោះ​ជា​ទម្លាប់​ជនរងគ្រោះ​តែងតែ​ចេញ​ទៅ​ផ្សារ​តែ​ម្នាក់ឯង​ ដោយ​ពេល​នោះ​ខ្លួន​ស្លៀក​ពាក់​ចាំ​ជា​ស្រេច​ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ជនរងគ្រោះ​បើក​ ដោយ​ជនរងគ្រោះ​បាន​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​ផ្សារ​ ខ្លួន​ក៏​បាន​ទៅ​យក​កូនកាំបិត​ចុងស្រួច​ ទុក​ក្នុង​ហោប៉ៅ​ខាង​ស្ដាំ​ ជិះ​ម៉ូតូ​ដោយ​ពាក់​មួក​សុវត្ថិភាព​ពណ៌ខ្មៅ​និង​ម៉ាស់​មុខ​ពណ៌​ផ្ទៃមេឃ​ ជិះ​ពី​ក្រោយ​ជនរងគ្រោះ​ដែល​ដើរ​ទៅ​មុន​ ខ្លួន​បាន​ជិះ​ម៉ូតូ​ហួស​ហើយ​បត់​ ចាំ​ស្ទាក់​ពី​មុខ​ជនរងគ្រោះ​ ។​ ក្រោយ​មក​ យុវជន​ ម៉ី​ គឹមហេង​ បាន​ចាក់​ជនរងគ្រោះ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ ។

ក្រោយ​ចាត់ការតាម​នីតិវិធី​ លោក​ ងិន​ ពេជ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចោទប្រកាន់​យុវជន​ឈ្មោះ​ ម៉ី​ គឹមហេង​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ (កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ )​ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ។

ក្រោយ​មក​ទៀត​ លោក​ កែវ​ មុនី​ ចៅក្រម​ស៊ើបសួរ​ បាន​បិទ​ការ​ស៊ើបសួរ​ រួច​បញ្ជូន​សំណុំរឿង​មក​លោក​ ងិន​ ពេជ​ វិញ​ ដើម្បី​សន្និដ្ឋាន​ស្ថាពរ​ ។​ នៅ​ពេល​ធ្វើ​ដីកា​សន្និដ្ឋាន​ស្ថាពរ​ លោក​ ងិន​ ពេជ​ បាន​សម្រេច​កែប្រែ​បទ​ចោទ​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ មក​ជា​បទ​ឃាតកម្ម​ តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ (កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​)​ ។

ឈ្មោះ​ លី​ ស៊ី​លេន​ បញ្ជាក់​ទៀត​ថា​ ការ​សម្រេច​កែប្រែ​បទ​ចោទ​ប្រកាន់​នេះ​ គឺ​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ជនរងគ្រោះ​ ដែល​ធ្វើ​ឲ្យ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ ។​ ក្នុង​គ្រា​អាសន្ន​បែប​នេះ​ ឈ្មោះ​ លី​ ស៊ី​លេន​ អះអាងថា​ មាន​តែ​រដ្ឋមន្ត្រីក្រសួងយុត្តិ​ ម្នាក់​គត់​ដែល​អាច​ផ្ដល់​យុត្តិធម៌​បាន​ ដូច​ពាក្យ​ប្រជាពលរដ្ឋ​តែងតែ​និយាយ​ថា​ “​ ទីណា​មាន​រដ្ឋមន្ត្រីក្រសួងយុត្តិ​ ទី​នោះ​មាន​យុត្តិធម៌​ជា​និច្ច​ ។

ទោះបី​យ៉ាងណា​ នេះ​គ្រាន់​តែ​ជា​ការ​ស្នើ​សុំ​អន្តរាគមន៍​ប៉ុណ្ណោះ​ ការ​សម្រេច​យ៉ាងណា​នោះ​ គឺ​ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ៕

ប្រភព ៖ ពីលោក ឆាយានាថ​​

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More