Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក

សៀមរាប៖ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Centerមកពីសហរដ្ឋអាមេរិកចំនួន១៧រូប ដឹកនាំដោយលោកវេជ្ជបណ្ឌិត Michael Phamប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន១០០នាក់ដោយឥតគិតថ្លៃ នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានមានប្រសាសន៍ឲ្យដឹងថា ការចុះពិនិត្យសុខភាពប្រជាពលរដ្ឋដោយមិនគិតថ្លៃនេះ ធ្វើឡើងដើម្បីរួមចំណែកទ្រទ្រង់សុខភាពប្រជាពលរដ្ឋ និងជួយសម្រួលភាពលំបាករបស់ប្រជាពលរដ្ឋ ដោយសារភូមិនេះជាភូមិកំពុងអភិវឌ្ឍ ហើយប្រជាពលរដ្ឋរស់នៅឆ្ងាយពីទីក្រុងនិងមិនទាន់មានមណ្ឌលសុខភាពគ្រប់គា្រន់នៅឡើយ។ ឯកឧត្តមបញ្ជាក់ថា ទៅថ្ងៃខាងមុននឹងរៀបចំឲ្យមានប៉ុស្តិ៍សុខភាពមួយក្នុងភូមិ ដើម្បីងាយស្រួលជួយប្រជាពលរដ្ឋបានទាន់ពេលនៅពេលមានបញ្ហាសុខភាពកើតឡើង។

លោក Michael បាននិយាយថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះគឺ ពិនិត្យទៅលើសម្ពាធឈាម ជាតិស្ករ ជាតិខ្លាញ់ ប្រព័ន្ធប្រសាទ ថ្លឹងទម្ងន់ និងវាស់កម្ពស់ ដើម្បីឱ្យពួកគាត់បានដឹងថាពួកគាត់កំពុងកើតជំងឺអ្វី ដើម្បីងាយស្រួលព្យាបាលនិងការពារ ។ លោកបន្តថាក្រោយពីពិនិត្យសុខភាពជូនពួកគាត់រួចហើយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងពិនិត្យឃើញប្រជាពលរដ្ឋមានជំងឺដូចជាលើសឈាម លើសជាតិខ្លាញ់ ទឹកនោមផ្អែម និងជំងឺប្រព័ន្ធរំលាយអាហារ ហើយក្រុមគ្រូពេទ្យបានធ្វើការណែនាំទៅតាមប្រភេទជំងឺនិងឱ្យពួកគាត់ទៅជួបគ្រូពេទ្យជំនាញក្នុងស្រុកបើមានបញ្ហាកើតឡើង ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា ។

លោកតា ភុំ ពុធ អាយុ៧៥ បាននិយាយថាលោកតាមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យសុខភាពជូនអ្នកភូមិដល់ទីកន្លែងដោយឥតគិតថ្លៃបែបនេះ ព្រោះជីវភាពខ្សត់ខ្សោយដូចលោកតា បើចង់ដឹងថាខ្លួនឯងកើតអីនោះក៏មិនមានលទ្ធភាពទៅរកការប្រឹក្សាពីគ្រូពេទ្យបានដែរ ។ បន្ទាប់ពីពិនិត្យសុខភាពហើយ លោកគ្រូពេទ្យបានប្រាប់ថា លោកតាមានជំងឺលើសឈាម មិនត្រូវធ្វើការធ្ងន់ៗទេ ពិសេសគឺត្រូវទៅជួបគ្រូពេទ្យក្នុងស្រុកដើម្បីធ្វើការព្យាបាលជំងឺឱ្យទាន់ពេល ។ លោកតាសូមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជា្ញធរជាតិអប្សរានិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរក៏ដូចជានៅក្រៅតំបន់ឧទ្យានអង្គរផងដែរ។

នេះជាលើកទី០២ហើយ ដែលអាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយក្រុមគ្រូពេទ្យ The CPR HERO Training Center មកពីសហរដ្ឋអាមេរិកបានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយលើកទី១ត្រូវបានរៀបចំឡើងនៅភូមិត្នោត សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទីនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។ ដោយឡែក ការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋលើកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានបណ្តុះបណ្តាលពីជំនាញបច្ចេកទេសសង្គ្រោះបឋមដល់ប្រជាការពារភូមិនិងអ្នកភូមិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More