Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នៅតំបន់អង្គរមានសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា

ខេត្តសៀមរាប៖ លទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា។ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាទីតាំងដែលរកឃើញនោះមាន៩កន្លែងនៅប្រាសាទអង្គរវត្ត និង២កន្លែងទៀតក្នុងក្រុងអង្គរធំក្បែរប្រាសាទបាយ័ន។លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពីវត្តមាននៃសិលាចារឹកភាសាភូមានៅក្នុងប្រាសាទរបស់ខ្មែរ។ ទីតាំងទាំងនោះមាននៅតាមជើងសសរនៅក្បែរក្តារបែន នៅថែវព្រះពាន់ នៅជាន់បាកាណ និងនៅតាមថែវខ្លះៗនៃប្រាសាទអង្គរវត្ត។ ចំណែកឯនៅក្នុងអង្គរធំ ក្បែរប្រាសាទបាយ័ន សិលាចារឹកភាសាភូមាមាននៅលើសន្លឹកសីមាភ្លោះរបស់ឧបោសថាគារ ព្រះអង្គងោក ដែលស្ថិតនៅខាងជើងនៃប្រាសាទមួយនេះ។

លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ទៀតថា នៅអំឡុងឆ្នាំ២០១៤ និង២០១៥ អាជ្ញាធរជាតិអប្សរា តាមរយៈលោកផ្ទាល់ គឺបានប្រាស្រ័យទាក់ទងនឹងអ្នកស្រាវជ្រាវភូមា ហើយបានជួបអនុរដ្ឋមន្រ្តីភូមា គឺលោក អ៊ូ ថាន់ស៊្វេ (U Than Swe) តាមរយៈសាស្រ្តាចារ្យប្រទេសអង់គ្លេស លោកស្រី Elizabeth Moore អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យ SOAS នៃទីក្រុងឡុង បានស្វែងរកការសិក្សារួមគ្នាមួយ ក្នុងបំណងដើម្បីបកប្រែភាសាភូមាទាំងនោះ។ នៅឆ្នាំដដែល ការបកប្រែពីផ្ទាំងសិលាចារឹកភាសាភូមា ត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស។

ទិន្នន័យទូទៅដែលបានពីការសិក្សាគេបានរកឃើញថា អក្សរចារឹកដែលចារចាស់ជាងគេ គឺនៅដើមសតវត្សរ៍ទី២០។ អ្នកដែលបានមកចារខ្លះមកជាលក្ខណៈគ្រួសារ និងមកតែឯង ហើយអត្ថន័យជាទូទៅ គឺបញ្ជាក់ពីឈ្មោះអ្នកសរសេរ ពេលវេលា និងតំបន់ដែលពួកគេរស់នៅ។ ចំណែកនៅប្រាសាទបាយ័ន អ្នកដែលចារគឺព្រះសង្ឃភូមា ដែលលោកបានមកគោរពព្រះនៅក្នុងប្រាសាទ ជាពិសេសព្រះអង្គងោកតែម្តង។ រូបបដិមាព្រះអង្គងោក តាមការសិក្សារបស់អ្នកស្រាវជ្រាវ ទំនងមិនមែនសង់ឡើងដោយជនជាតិខ្មែរនោះទេ គឺអាចជនជាតិភូមា។ នេះបើតាមការអះអាងរបស់លោក អ៊ឹម សុខរិទ្ធី ដែលលោកថា តាមការពិនិត្យពីទម្រង់ រូបរាងរបស់ព្រះអង្គងោក គឺដូចទៅនឹងបដិមារបស់ភូមា។

ហេតុអ្វីបានជាមានវត្តមានជនជាតិភូមានៅកម្ពុជា? លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ពួកគេទាំងនោះមកពីតំបន់ផ្សេងៗគ្នា ខ្លះឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី ខ្លះមកពីតំបន់ខាងជើងនៃប្រទេសភូមាសព្វថ្ងៃ ដើម្បីមកគោរពបូជាអង្គរដែលជាទីឋានព្រះពុទ្ធដ៏ល្បីល្បាញ និងសំពះព្រះនិងថ្វាយតង្វាយដល់ព្រះ។

ដោយឡែកតាមរយៈសិលាចារឹកខាងដើម បានបញ្ជាក់ថាជនជាតិភូមាទាំងនោះ ក៏មិនមែនមកត្រង់ពីភូមានោះដែរ គឺមកពីបាត់ដំបង ដែលពួកគេរស់នៅតំបន់ប៉ៃលិន។ ជនជាតិភូមាជំនាញខាងរុករកត្បូងថ្ម ហើយពួកគេចូលមកដើម្បីរុករកត្បូងថ្មមានតម្លៃ។ ប៉ៃលិន ជាភាសាភូមា ដែលប្រែថា ត្បូងកណ្តៀង ដែលក្រោយមកក្លាយជាស្រុកមួយរបស់ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More