Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គយចល័ត ដាក់គ្នាមួយប្រាវជាមួយសមត្ថកិច្ចអន្តោប្រវេសន៍ ចុងក្រោយខាងគយ សុំទោសបញ្ចប់រឿង! VIDEO

កោះកុង ៖ គយចល័តស្ទាក់ចាប់រថយន្តប៉ូលិសអន្តោប្រវេសន៍ផ្អើលច្រកទ្វារចាំយាម សង្ស័យដឹកទំនិញគេចពន្ធ ពេលឆែកឆេរអត់មានអ្វីទាំងអស់ ប៉ូលិសបានត្រឹមតែពាក្យសុំទោស ។គួរកត់សម្គាល់ថា រថយន្តមន្ត្រីប៉ូលិសអន្តោប្រវេសន៍ ម៉ាកហាយលែនឌ័រ ពាក់ស្លាកលេខ 2T-7419 ពណ៌ខ្មៅ បើកបរដោយ លោកវរៈសេនីយ៍ត្រី មាស អេលីន ជាម្ចាស់រថយន្ត និងមានអ្នករួមដំណើរម្នាក់ គឺលោកវរៈសេនីយ៍ទោ ចិន សុវណ្ណ ទាំង២នាក់ជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិចាំយាម ។ ខណៈពេលរថយន្តខាងលើបើកចេញពីច្រកទ្វារអន្តរជាតិ បានចម្ងាយប្រមាណ៥០០ម៉ែត្រ រៀបនឹងបត់ចូលបន្ទាយរបស់ខ្លួន ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកMAROK 2បាំង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-3383 បើកមកឈប់ស្ទាក់មុខរថយន្តប៉ូលិស និងរថយន្តម៉ាកកាមរីគ្រុឌ(ស៊េរីឆ្នាំ២០០៧)១គ្រឿងទៀតពាក់ស្លាកលេខ 2AA-4689 ពណ៌ទឹកមាស បើកមកបិទគូថពីក្រោយ ធ្វើឲ្យមន្ត្រីប៉ូលិសទាំង២នាក់ភ័យស្លន់ស្លោ និងមានការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងកន្លែងកើតហេតុមកចោមរោមមើលកុះករ ។

បន្ទាប់មក ស្រាប់តែឃើញមន្ត្រីដែលមានឯកសណ្ឋានជាសមត្ថកិច្ចគយចូលមកព្រោងព្រាត ជួបមន្ត្រីប៉ូលិសជាម្ចាស់រថយន្តហើយប្រាប់ថា ពួកគេជាសមត្ថកិច្ចគយ សុំឆែកឆេររថយន្ត ព្រោះមានកម្លាំងសម្ងាត់រាយការណ៍ថា រថយន្តនេះមានដឹកទំនិញគេចពន្ធ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទាយប៉ូលិសអន្តោប្រវេសន៍ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង ស្ថិតនៅចំងាយប្រមាណ៥០០ម៉ែត្រពីច្រកទ្វារអន្តរជាតិចាំយាម ។

បន្ទាប់ពីបានស្ទាក់រថយន្តជាប់ភ្លាម ក៏ធ្វើឲ្យមានទំនាស់ពាក្យសំដីគ្នាអស់រយៈពេលជិត២ម៉ោង ដោយសមត្ថកិច្ចប៉ូលិសខាងភាគីម្ចាស់រថយន្តសុំឲ្យមានការចូលរួមពីព្រះរាជអាជ្ញាទើបអនុញ្ញាតឲ្យឆែកឆេរ ហើយនៅវេលាម៉ោង៧ និង៥០នាទីយប់ ទើបគេឃើញវត្តមានលោក លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តទៅចូលរួម ។

បន្ទាប់មកលោកព្រះរាជអាជ្ញារង បានបើកធ្វើការឆែកឆេរ ដោយមានការចូលរួមទាំងភាគីម្ចាស់រថយន្ត និងសមត្ថកិច្ចគយ ព្រមទាំងមហាជនចោមរោមមើលយ៉ាងច្រើនកុះករ ប៉ុន្តែក្រោយពីការឆែកឆេរ គឺអត់ឃើញមានទំនិញអ្វីគួរឲ្យកត់សម្គាល់ថា ជាមុខទំនិញគេចពន្ធឡើយ ក្រៅតែពី ទឹកក្រូចកំប៉ុង៤យួរ ស្រាបៀរសិង្ហ១កេស នំស្រួយ៤ធុង ប្រងឆា១ដប ត្រីខ៤កំប៉ុង និង មីសួ៤កញ្ចប់ ដែលមន្ត្រីប៉ូលិសទាំង២នាក់ទិញមកទុកហូបតែប៉ុណ្ណោះ ។

បន្ទាប់ពីធ្វើការឆែកឆេរហើយ រកអត់មានឃើញទំនិញគេចពន្ធមន្ត្រីប៉ូលិសអន្តោប្រវេសន៍ជាច្រើនរូបបានរិះគន់ថា កាយវិការនេះជាទង្វើមាក់ងាយមកលើមន្ត្រីក៏ដូចជាស្ថាប័នសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ទាំងមូល ដែលមានសមត្ថកិច្ចឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិផងដែរ ហើយមានមុខទំនិញជាច្រើនដែលសមត្ថកិច្ចប៉ូលិសមើលឃើញថា គេចពន្ធ ឬបង់ពន្ធមិនគ្រប់ហើយ សមត្ថកិច្ចគយមិនចាប់ ។

លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បាននិយាយនៅវេលាកើតហេតុនោះថា ការស្ទាក់ចាប់រថយន្តខាងលើនេះពុំមែនជាសមត្ថកិច្ចរបស់លោកទេ គឺជាក្រុមមន្ត្រីគយចល័ត តំបន់ដែលឈរជើងនៅចំណុចផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកស្រែអំបិល។

ករណីនេះភាគីទាំងសងខាងបានបញ្ចប់បញ្ហានៅនឹងមុខលោកព្រះរាជអាជ្ញារង អ៊ីវ ត្រាយ ដោយសន្យាថា មិនមានការគំគួនគ្នាដោយប្រការណាមួយឡើយ និងឯកភាពគ្នាមិនបាច់ក៏សាងសំណុំរឿងជុំវិញករណីឆែកឆេរនេះទេ ៕

ដោយ លីវណ្ណឌី កោះកុង

https://youtu.be/gIhHgMo_I4A}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More