Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញសហការបង្ក្រាបគ្រឿងញៀន តំបន់ត្រពាំងឈូកឲ្យបានក្នុងរយៈពេល១ខែ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យអាជ្ញាធររាជធានី ភ្នំពេញ សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាបគ្រឿងញៀន នៅក្នុងតំបន់ត្រពាំងឈូកឲ្យបាននៅក្នុងរយៈពេល១ខែទៀត។ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ រយៈពេល៦ខែ ប្រចាំខែមករា ឆ្នាំ២០១៧ នៅថ្ងៃទី២ ខែកុម្ភៈ នេះ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល៦ខែ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងរយៈពេល១ខែ ពោលគឺក្នុងខែកុម្ភៈនេះតែម្តង ត្រូវបោសសម្អាតអំពើជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងត្រពាំងឈូក ក្នុងរាជធានីភ្នំពេញ ខណៈតំបន់មួយនេះ អស់រយៈពេលជាច្រើនឆ្នាំមក សមត្ថកិច្ចនៅមិនទាន់បង្ក្រាបបានអស់ទាំងស្រុង។ ហើយបើអាចបង្កើតទីបញ្ជាការស្រាលមួយប្រចាំនៅទីនោះក៏បានមិនបាច់បង្កើតក៏បានតែធ្វើម៉េចត្រូវដោះស្រាយបញ្ហានេះឲ្យបាន។

ទន្ទឹមនឹងការចុះបង្ក្រាបនោះ សម្តេចក្រឡាហោម ក៏បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវស្វែង រកចាប់ជនមេក្លោងជួញដូរចែកចាយគ្រឿងញៀនឲ្យបានព្រោះថាពួកនេះមិនមានច្រើនប៉ុន្មាននោះទេ។

សម្តេចក្រឡាហោម ក៏បានស្នើឲ្យអភិបាលខេត្ត និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តទាំងអស់ ខិតខំបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទា យ៉ាងហោចណាស់ក្នុង១ខេត្តឲ្យបាន មួយ។ ហើយ សម្តេចក្រឡាហោម ក៏បានដាក់ចេញនូវវិធានការចំនួន ៥៖ ១.វិធានការអប់រំ, ២.វិធានការរដ្ឋបាល, ៣.វិធានការអនុវត្តច្បាប់, ៤.វិធានការព្យាបាល និងស្តានីតិសម្បទា, ៥.កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ពាក់ព័ន្ធនឹងការចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងតំបន់ត្រពាំងឈូកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងនគរបាលរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាគ្រឿងញៀននៅក្នុងតំបន់ ត្រពាំងឈូកនោះ កន្លងមកមិនអាចបង្ក្រាបបាន ដោយសារត្រពាំងឈូកជាតំបន់ដែលមានភាពស្មុគស្មាញ ហើយការបង្រ្កាបនោះ ឯកឧត្តម ទាមទារឲ្យមានកិច្ចសហការជាកញ្ចប់មួយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន អះអាងថា ស្ថានភាពគ្រឿងញៀនបច្ចុប្បន្ន ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ផ្តោតការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញឲ្យមានការធ្លាក់ចុះខ្លាំងនោះ នឹងធ្វើឲ្យបញ្ហាគ្រឿង ញៀននៅទូទាំងប្រទេសមានការធ្លាក់ចុះខ្លាំងដែរ។

គួរបញ្ជាក់ថា តាមរបាយការណ៍ដែលអានដោយ ឯកឧ្តមត នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង នគរបាលជាតិ បញ្ជាក់ថា ក្នុងរយៈពេល១ខែដំបូង នៃការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ នៅទូទាំងប្រទេស កងកម្លាំងមានសមត្ថកិច្ចនៅតាមរាជធានី-ខេត្ត សហការបង្ក្រាបគ្រឿងញៀន បាន១១៤៤ករណី ឃាត់ខ្លួនជនល្មើសបាន២៧៧៣នាក់ ស្រី១៧២នាក់ ចាប់ យកសាធាតុញៀន បាន៩ពាន់១៤៨ក្រាម និងដកហូតរថយន្តបាន១១គ្រឿង ម៉ូតូ ២៥៧គ្រឿង ទូរសព្ទដៃបាន៧០៣គ្រឿង។ ក្នុងចំណោមជនល្មើសដែលបានឃាត់ខ្លួននោះ គឺមានជនល្មើសជួញដូរគ្រឿងញៀនមាន១៣៣០នាក់ ស្រី១៧២នាក់ ក្នុងនោះមានមន្ត្រីនគរបាល៤នាក់ អាវុធហត្ថ១នាក់ និងយោធា១នាក់ ក្នុងនោះបានកសាង សំណុំរឿងបញ្ជូនទៅតុលាការបាន ១៧០នាក់ផងដែរ ៕

1 of 4,887

ចំនួនអ្នកទស្សនា
  • 0
  • 191
  • 2,045
  • 8,762,687

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More