ពួកឈ្មួញសំរុកលួចដឹកឈើប្រណិតឆ្លងដែនចេញពីរតនគិរី ចូល​ប្រទេសវៀតណាម តាមរ​ថយន្ត​ទំ​នើបៗ(video)

 

រតនគិរី៖  សេចក្តីរាយការណ៍បានអោយដឹងថា ស្ទើរជារៀងរាល់ថ្ងៃ នៅស្រុកវើនសៃមានរថយន្តទំនើបៗ ជាច្រើនគ្រឿង ដូច ម៉ាកធុនណារ៉ា និងបាឡែន  កំពុងធ្វើសកម្មភាពដឹកឈើប្រណិតគ្រប់ប្រភេទ ក្នុងមួយថ្ងៃៗមិនក្រោមពី៣០ទៅ៤០គ្រឿងនោះទេ ចេញពីទីរួមខេត្តរតនគិរី លួចឆ្លងដែនចូលទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងភូមិ ភិ  ដូចហែកឋិន ដោយមិនមានការរារាំងពី សមត្ថកិច្ចណាម្នាក់នោះឡើយ។

សូមបញ្ជាក់ថា៖ ច្រករបៀងភូមិ ភិ គឺដល់ចុងស្ពាន អូរយ៉ាដាវទី២បត់ឆ្វេង តាមផ្លូវគ្រួសក្រហម ស្ថិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានសមត្ថកិច្ចគ្រប់ផ្នែក គ្រប់ថ្នាក់នៅគ្រប់គ្រងឈរជើងការពារ ទប់ស្កាត់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទនៅទីនោះ តាមដងផ្លូវជាហូហែរ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថាទៀតថា រថយន្តដែលពួកឈ្មួញយកមកដឹកឈើនោះ មានគ្រប់ប្រភេទដូចជា÷ តួរីស ,សាំយ៉ុង ,ធុនណារ៉ា ,បាឡែន ,កាមរីឆ្លាម ,កាមរីស្វិត ,ហាយលែនឌឺ ,តូយោតា ,តាកូម៉ា ,ឡង់គ្រីស៊ឺ ,លុចស៊ីស300,លុចស៊ីស450 ,និងលុចស៊ីស470ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញប្រជុំ បូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅបន្ត ឆ្នាំ២០១៦ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីប៉ុន្មានខែមុននេះ បានមានប្រសាសន៍ ដាស់តឿន ក្រើនរំលឹក ដល់រដ្ឋមន្ត្រី និងមន្ត្រីក្រោមឱវាទមួយចំនួន ដែលមានការពាក់ព័ន្ធគ្រប់ក្រសួង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ត្រូវរួមគ្នាធ្វើការទប់ស្កាត់ ការរត់ពន្ធ ជំនួញឈើ ឈើឆ្លងដែនខុសច្បាប់ទាំងអស់នេះជាបន្ទាន់។

សម្តេចនាយករដ្ឋមន្ត្រីនៅបាន បញ្ជាក់ ទៀតថា ការបង្ក្រាបជំនួញឈើនេះ មិនលំបាកនោះទេ ប្រសិនបើអស់លោកមានឆន្ទៈ។

អ្នកឃើញហេតុការណ៍នៅកន្លែងនោះ បានលើកឡើងថា៖ កន្លែងសមត្ថកិច្ចច្រូងច្រាង ចាំត្រួតពិនិត្យ និងឆែកឆេរ ដោយផ្ទាល់ដែលបង្កើតឡើងដោយរដ្ឋាភិបាលមានដូចជា÷ នគរបាលគ្រប់លំដាប់ថ្នាក់ ,នគរបាលការិយាល័យសេដ្ឋកិច្ចខេត្ត នគរបាលសេដ្ឋកិច្ចស្នងការដាក់ប្រចាំគ្រប់ស្រុក ,នគរបាលវរការពារព្រំដែនគោក រួមទាំងនគរបាលសេដ្ឋកិច្ចក្រសួងប្រចាំគ្រប់ស្រុកផងដែរ។ផ្នែកទាហានមាន÷ ទាហ៊ានផ្នែកសឹករងគ្រប់ស្រុក និងគ្រប់ថ្នាក់ ទាហ៊ានទិសស៊ុបខេត្តដាក់គ្រប់ស្រុក ,ព្រមទាំងទាហ៊ានវរការពារព្រំដែនគោក។ផ្នែកប៉េអឹមមាន÷ប៉េអឹមគ្រប់ថ្នាក់ ,និងគ្រប់ស្រុក ,ប៉េអឹមទិសខេត្តដាក់ប្រចាំគ្រប់ស្រុក ប៉េអឹមផ្ទៃប្រទេសដាក់ប្រចាំគ្រប់ស្រុក ទីស្នាក់មន្ត្រីបរិស្ថានដាក់ប្រចាំគ្រប់ស្រុករហូតដល់ខេត្ត ,ទីស្នាក់ការមន្ត្រីរដ្ឋបាលព្រៃឈើដាក់ពង្រាយគ្រប់ឃុំ និងគ្រប់ស្រុក រហូតដល់ខណ្ឌ ព្រមទាំងដាក់មន្ត្រីផ្នែក និងខណ្ឌរដ្ឋបាលព្រៃឈើប្រចាំគ្រប់សង្កាត់ និងស្រុកសំខាន់ៗ រួមទាំងមន្ត្រីស្ថាប័នផ្សេងៗជាច្រើនទៀត មកដើម្បីការពារ និងទប់ស្កាត់បទល្មើស និងបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ មិនមែនឲ្យមកឈរជើងដើម្បីបើកដៃឱ្យឈ្មួញមានការដឹកជញ្ជូនឈើប្រណិតគ្រប់ប្រភេទឆ្លងដែនខុសច្បាប់នោះទេ ហើយក៏មិនមែនសំរាប់ការយកតួនាទី ដែលរដ្ឋាភិបាលបានផ្ដល់ឱ្យ ទៅបង្កើតឡើងដើម្បីប្រមូលលុយពីពួកឈ្មួញដែលបានប្រកបរបរ រកស៊ីដឹកជញ្ជូនឈើប្រណិតគ្រប់ប្រភេទឆ្លងដែនដោយខុសច្បាប់ឡើយ។

ច្រកអន្តរជាតិអូរយ៉ាដាវ និងច្រករបៀង ភូមិ 《ភិ 》គឺចូលតាមផ្លូវលំ ក្រាលគ្រួសក្រហម ស្តិតក្នុងភូមិ ភិ  ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។មជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានរិះគន់ធ្ងន់ៗថា កោតតែសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី  ហ៊ានគឃ្លើនបំភ្លេច ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី  នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះថា÷រឿងជំនួញឈើប្រណីតឆ្លងដែនខុសច្បាប់ត្រូវតែបញ្ចប់នៅត្រឹមថ្ងៃនេះ ជាពិសេសបណ្ដារខេត្តជាប់ព្រំដែនមានដូចជា÷ខេត្តព្រៃវែង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី ជាដើម  ៕

IMG-20160702-WA0123IMG-20160702-WA0122 IMG-20160702-WA0121 IMG-20160702-WA0120 IMG-20160702-WA0119 IMG-20160702-WA0118 IMG-20160702-WA0116 IMG-20160702-WA0115

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More