ឯកឧត្តម វេង សាខុន បានចុះទៅពិនិត្យមើលការចិញ្ចឹមត្រីសមុទ្រ(ត្រីស្ពុង និងត្រីតុកកែ) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង
ខេត្តកោះកុង៖ នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ រួមជាមួយនិងសហការីមួយចំនួនទៀតបានចុះទៅពិនិត្យមើលការចិញ្ចឹមត្រីសមុទ្រ(ត្រីស្ពុង និងត្រីតុកកែ) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។
ក្នុងដំណើរចុះពិនិត្យការចិញ្ចឹមត្រីនេះ គឺក្នុងគោលបំណងជំរុញនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក្នុងខេត្តកោះកុងចិញ្ចឹមត្រី ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីផ្គត់ផ្គង់ និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាងផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាកសិករចិញ្ចឹមត្រីនៅខេត្តនេះអាចផ្គត់ផ្គង់ត្រីស្ពុង និងត្រីតុកកែបានប្រមាណជាង៥តោនក្នុងមួយថ្ងៃ និងប្រជាកសិករអាចរកចំណូលបានប្រមាណជាមធ្យម ២០០០ដុល្លារក្នុងមួយខែ ក្នុងមួយគ្រួសារ ។ បន្ទាប់ពីបានជួបពិនិត្យការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋរួចមក ខ្ញុំក៏បានបន្តដំណើរចុះទៅពិនិត្យ និងស្វែងយល់ សហគមន៍អេកូទេសចរណ៍ពាមក្រសោបផងដែរ ដើម្បីលើកទឹកចិត្តនិងបន្តជំរុញលើកទឹកចិត្តឲ្យប្រជា សហគមន៍ខិតខំថែរក្សា និងដាំព្រៃកោងកាងដើម្បីទាក់ទាញ ភ្ញៀវទេស ក៏ដូចជាសម្រាប់ជាជម្រកធនធានសមុទ្រផងដែរ និងបង្កើនប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍៕