ល្បែងស៊ីសងគ្រប់ប្រភេទ ជ្រកក្រោមស្លាកសញ្ញាអិនធើណេត ក្នុងក្រុងសៀមរាប រីកដូចផ្សិត តែអាជ្ញាធរមិនយកភ្នែកមើល
ខេត្តសៀមរាប៖ រហូតមកដល់ ពេលនេះ បើទោះបីជា មានសេចក្ដីរាយការណ៍ អំពីតួលេខ ល្បែងស៊ីសង នៅក្រុងសៀមរាប បានបង្ហាញគួឲ្យ មានការទុក ចិត្តថា មានពិតប្រាកដ យ៉ាងណាក្ដី ក៍សមត្ថកិច្ច នៅតែមិន ទាន់បាន ធ្វើការ បង្ក្រាបនៅឡើយទេ។ ខណះមាន ប្រភព ព័ត៌មានខ្លះ បានទម្លាយ ឲ្យដឹងថា ម្ចាស់ល្បែង ទាំងនោះ ជាសមត្ថកិច្ច ឬជាខ្សែរ សមត្ថកិច្ច មួយចំនួន ដែលចាំកាង នៅពីក្រោយខ្នង ទើបការ អនុវត្ត បង្ក្រាបល្បែងស៊ីសង ហាក់មិនមាន បោះជំហ៊ាន ទៅមុខ នៅតែដដែលៗ។
ល្បែងស៊ីសង ទាំងនោះ ត្រូវបាន គេបង្ហាញថា ជាល្បែងតាម អនឡាញ អិនធើណេត ដែលភាគ ច្រើនគេ ដាក់យីហោ ២៤ម៉ោង។ ទោះបីជា មានល្បែងបង្កប់យ៉ាងនេះ ក្ដីអាជ្ញាធរ និងសមត្ថកិច្ច នៅមិនទាន់ បង្ហាញពីស្នាដៃ បង្ក្រាបតាម បទបញ្ជា របស់ថ្នាក់លើ នោះទេ។
បើតាម សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ទីតាំងល្បែង ស៊ីសង ជ្រកក្រោម ស្លាកអិនធើណេត នោះទី ១នៅជាប់លីកាស៊ី ខារាអូខេ ផ្លូវហ្វីលីង(៧៧៧ Net) ទី២ផ្លូវផ្សារញ៉ែ ខាងត្បូងស្តុបទន្លេសាប(៩៩) ទី៣ផ្លូវបារបាក់ខែង(P.H ២៤) ទី៤ផ្លូវផ្សារញ៉ែ ខាងត្បូងស្តុប ទន្លេសាប(៨៨ណេត) ទី៥ផ្លូវតាភុល ទី៦ផ្លូវតាភុល(៨៨៨៨) ទី៧ផ្លូវតាភុល (អេមណិត) ទី៩ផ្លូវ លោកតាខៀវណើយ និងក្រោយ គ្លិនិកនាគទេព ក្នុងនោះក៍មាន ទីតាំងមួយ ចំនួនទៀតផងដែរ។ គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួល បានការ បកស្រាយ បំភ្លឺពីម្ចាស់ អិនធើណេត ខាងលើ បាននៅឡើយទេ នៅរសៀលនេះ។
ប្រការនេះ គេមិនទាន់ ដឹងថា ជាមូលហេតុអ្វី បានជា សមត្ថកិច្ច មិនហ៊ាន បង្ក្រាបរាល់ល្បែង ស៊ីសងដែល កើតមាន ពេញបន្ទុក បែបនេះ។ ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរ និងសមត្ថកិច្ច ចុះស្រាវ ជ្រាវ នៅទីតាំង ល្បែងខាងលើ ដើម្បីឈាន ដល់ការ បង្ក្រាបឲ្យ បានសម្រេចជោកជ័យ ផងដែរ៕