ករណីបាត់កូនស្រីរយះពេល៣ថ្ងៃតាមរកឃើញនៅផ្ទះសំណាក់ប្តឹងសមត្ថកិច្ចឃាត់ខ្លួនយុវជន៤នាក់ត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញហើយ
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ថា ករណីស្ត្រីម្នាក់ដែលបានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឲ្យឃាត់ខ្លួនយុវជន ៤នាក់ សួរនាំ ដោយសារតែបាត់កូនស្រីរបស់គាត់រយះពេល ៣ថ្ងៃ លុះនៅពេលរកឃើញ គឺនៅក្នុងផ្ទះសំណាក់ជាមួយគ្នា ប៉ុន្តែបន្ទប់ផ្សេងគ្នា ត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦មកម្លេះ ដោយសារមិនមានបទល្មើសចោទប្រកាន់ ។
លោកអធិការខណ្ឌសែនសុខប្រាប់បន្តឲ្យដឹងថា ក្រោយពីធ្វើការសាកសួរក្មេងស្រីទាំង២នាក់ និងយុវជនទាំង ៤នាក់ ម្នាក់ៗម្តង តាមជំនាញ គឺមិនមែនជាករណីរត់តាមគ្នា ឬក៍ជាករណីបង្ខាំងមនុស្សអ្វីនោះទេ មានន័យថា ពួកគេទាំង ៦នាក់ សប្បាយភ្លេចផ្ទះចូល ទើបនាំគ្នាជួលផ្ទះសំណាក់ស្នាក់នៅយ៉ាងដូច្នេះ ។ ប៉ុន្តែការស្នាក់នៅផ្ទះសំណាក់នេះ គឺពួកគេមកតាមមិត្តភក្រ័ម្នាក់ផ្សេងទៀត ។ ដោយហេតុថា រកមិនឃើញពាក់ព័ន្ធបទល្មើសអ្វីនោះ ទើបអនុញ្ញាតិឲ្យពួកគេទាំង ៦នាក់វិលត្រឡប់ទៅផ្ទះវិញ ដោយមានឪពុក ម្តាយ និងក្រុមគ្រួសារ មកទទួលត្រឹមត្រូវ។
សូមបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង ១៣ និង៣០នាទី រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ យុវជន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចផ្ទះសំណាក់ យីហោ សមុទ្រមាស បន្ទប់លេខ៨២ និងបន្ទប់លេខ៨៣ តាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យុវជនទាំង ៤នាក់ ដែលត្រូវឃាត់ខ្លួនសួរនាំ ទី១ ឈ្មោះ សេង វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ទី២ ឈ្មោះ យ៉ាន់ ឆយា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស នៃវិទ្យាល័យ អន្តរទេវី ស្នាក់នៅម្តុំកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៣ ឈ្មោះ ជា ឆាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅខាងក្រោយសាលាវិទ្យាល័យ អន្តរទេវី ខណ្ឌទួលគោក និងទី៤ ឈ្មោះ ម៉ី សុង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃសាលាវិចិត្រសិល្បៈ ស្នាក់នៅខាងក្រោយសាលាវិទ្យាល័យ អន្តរទេវី ខណ្ឌទួលគោក។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនយុវជនទាំង ៤នាក់ សាកសួរ ដោយយោងតាមពាក្យបណ្តឹងពីឪពុក ម្តាយ ក្មេងស្រី ២នាក់ ទី១ ឈ្មោះ ព្រុំ ឆាយាន អាយុ ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៃវិទ្យាល័យបាក់ទូក ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ទី២ឈ្មោះ ហ៊ន សុម៉ាលី អាយុ ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ នៃវិទ្យាល័យ ព្រះយុគន្ធរ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ស្ត្រីជាម្តាយរបស់ឈ្មោះ ហ៊ន សុម៉ាលី ប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់បានបាត់ពីផ្ទះ កាលពីរសៀល ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដោយមុនពេលបាត់ពីផ្ទះ គឺកូស្រីរបស់គាត់បានប្រាប់គាត់ថា នាងសុំលុយចំនួន ៥០០រៀល ដើម្បីយកទៅហ្វូតូកូពីឯកសារសម្រាប់ ប្រឡងឆមាស ខណៈបានលុយរួចហើយ នាងក៏ដើរចេញផ្ទះ រហូតដល់វេលាម៉ោង ២១យប់ ថ្ងៃដដែល ទើបនាងខ្ចីទូរស័ព្ទគេតេប្រាប់គាត់ថា នាងកំពុងមើលការប្រកួតបាល់ទាត់នៅក្នុងពហុកីឡាដ្ឋានជាតិអូរឡាំពិក ដោយឮបែបនេះ រូបគាត់ក៏ប្រាប់ទៅវិញថា នៅពេលមើលបាល់ចប់ហើយ ត្រូវប្រញាប់ត្រឡប់មកផ្ទះវិញ គ្រាន់តែប៉ុណ្ណឹងនាងក៏បិទទូរស័ព្ទទៅ។
ស្ត្រីជាម្តាយបានបន្តថា ចាប់ពីពេលនោះមក គឺបាត់ដំណឹងកូនស្រីរបស់គាត់រហូត លុះដល់វេលា ម៉ោង ១៣ និង៣០នាទី រសៀល ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦ រូបគាត់ និងក្រុមគ្រួសារបានខិតខំតាមស្រាវជ្រាវ រហូតរកឃើញកូនស្រីរបស់គាត់ ស្ថិតនៅក្នុងផ្ទះសំណាក់ យីហោ សមុទ្រមាស តាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានមិត្តភក្រ័ប្រុស ស្រី ចំនួន ៥នាក់ផ្សេងទៀត ទើបប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នាំទាំងកូនស្រីរបស់គាត់ និងមិត្តភក្រ័ប្រុស ស្រី ៥នាក់នោះ ទៅធ្វើការសាកសួរ៕
if (document.currentScript) {