កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់មិនបានសម្រេច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់មិនបានសម្រេច កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចមុខផ្ទះលក់ចាប់ហួយ ផ្ទះលេខ៣៥ ក្រុម១៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សាំង ស៊ុនហាក់ ហៅ ហាក់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៣ ភូមិពណ៌ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានស្រុកកំណើតសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត គេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូឌុប ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែមានជនសង្ស័យ ២នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីរងគ្រោះ តែសំណាងល្អស្ត្រីរងគ្រោះបានឆក់យកមកវិញ ដោយពេលនោះ មានជនសង្ស័យម្នាក់បានចុះពីលើម៉ូតូមកវាយស្ត្រីរងគ្រោះបែបមាត់ បណ្តាលឲ្យរងរបួសស្រាល ។ ចំណែកឯជនសង្ស័យដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់ ដោយទុកជនសង្ស័យម្នាក់ទៀតនៅទីនោះ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ក្រោយពីកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួនយកទៅសាកសួរ ។ ចំែណកឯស្ត្រីរងគ្រោះក៏មិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទេ ដោយទុកឲ្យកម្លាំងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ បញ្ជូនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតីវិធីច្បាប់ ៕ ដោយ៖ ស៊ុនតិច