Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលកខណ្ឌពោធិសែនជ័យបង្ក្រាបសង្វៀនជល់មាន់២កន្លែង ឃាត់មនុស្ស៨នាក់មាន់៥ក្បាល

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងសុីសងប្រជល់មាន់ ចំនួន៨នាក់ត្រូវបានកម្លាំងនគរបាល អន្តរាគមន៍

សហការជាមួយកម្លាំងសន្តិសុខ នៃខណ្ឌពោធិសែនជ័យ ចុះទៅបង្ក្រាបចាប់ឃាត់ខ្លួនបាន ចំនួន២ទីតាំងផ្សេងគ្នា ហូតបានមាន់គក៥ក្បាល ជញ្ជីងថ្លឹងមាន់១ និងសម្ភារៈមួយចំនួនទៀត ។ ប្រតិបត្តិការបង្ក្រាបលើកទី១ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ ដីវាល ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ និងលើកទី២កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃដដែល នៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។

តាមអាជ្ញាធរបានឲ្យដឹងថា កន្លងមកទោះជាហាមបងប្អូនប្រជាពលរដ្ឋ ជុំវិញល្បែងសុីសងក្នុងមូលដ្ឋាន ត្រូវបានហាមឃាត់ ក៏ប៉ុន្តែនៅមានក្រុមអ្នកញៀនល្បែង ប្រមូលផ្តុំគ្នាលួចបើកលេងប្រជល់មាន់ អាប៉ោង មកដល់ព្រឹក និងរសៀល ថ្ងៃទី២៤ នេះត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបតែម្តង ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ជំរុញកម្លាំងតាមបណ្តាជំនាញ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស រក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទើបកម្លាំងអន្តរាគមន៍ខណ្ឌ ចុះប្រតិបត្តិការបង្ក្រាប សង្វៀនប្រជល់មាន់២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ នៅសង្កាត់ចោមចៅ និងនៅសង្កាត់បឹងធំ ឃាត់ខ្លួនមនុស្ស៨នាក់ មាន់គក៥ ឧបករណ័បង្ហាត់មាន់ជល់ កៅស៊ូ សម្រាប់តម្លើងសង្វៀនចល័ត២ឈុត ។

តាមប្រជាពលរដ្ឋ បានខ្សឹបប្រាប់ថា សង្វៀនប្រជល់មាន់ នៅក្នុងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ មានម្ចាស់ឈ្មោះ លាន អាព្រិលគីនីន ជាពិធីករផង និងជាមេសង្វៀនប្រជល់មាន់ផង ។

តែទោះជាយ៉ាងណាក្តី កម្លាំងនគរបាល មិនទាន់ចូលដល់សង្វៀនផង ក្រុមអ្នកលេង រត់ចែកជើងគ្នាបាត់ ដូចជាដឹងខ្លួនមុន ថាប៉ូលីសចុះបង្ក្រាប កម្លាំងរត់ដេញតាមចាប់បាន៣នាក់ មាន់៣ក្បាល ចំណែក រាប់រយនាក់ទៀត រត់គេចខ្លួនបាត់អស់ ។

ក្រោយពីចាប់ឃាត់ខ្លួនបាន ក្រុមអ្នកញៀនល្បែង ទាំង២កន្លែងខាងលើ រួមជាមួយវត្ថុតាង ត្រូវបាននាំទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More