Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី១កន្លែង​ នៅច្រមុះជ្រូកក្បាលថ្នល់

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួន

បន្តដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដែលសម្ងំលាក់ខ្លួនពួនក្នុងផ្ទះជួលម្ដុំច្រមុះជ្រូកក្បាលថ្នល់ ផ្លូវមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០២រសៀល ថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ។

លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ស៊ុំ រិទ្ធី សហការជាមួយកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌុមានជ័យ និងមានការចូលរួមពីនរគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើផងដែរ ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ថផលដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។ ចំណែកអ្នកញៀនល្បែងស៊ីសងទាំងនោះ និងអ្នកមើលការខុសត្រូវ បានរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់ទៀត នៅសល់តែអ្នកយកម៉ូតូទៅផ្ញើកន្លែងបាញ់ត្រីនោះតែម្នាក់ឯងប៉ុណ្ណោះ ហើយត្រូវបានអប់រំណែនាំ និងដោះលែងទៅវិញភ្លាមៗផងដែរ។

ក្រោយចុះបង្ក្រាបវត្ថុតាងដែលដកហូតបានខាងលើនេះ ត្រូវកម្លាំងប្រជាការពារដឹកយកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យរងចាំកម្ទេចចោលតាមក្រោយ។

សូមបញ្ជាក់ឲ្យដឹងដែលថា អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ បានលើកឡើង​ក្នុងពេលប្រជុំកាលពីដើមខែធ្នូ ឆ្នាំ២០១៧នេះថា លោកក្រើនរំលឹកខ្លាំងៗដល់អស់លោកចៅសង្កាត់នឹងនាយប៉ុស្តិ៍ទាំង៧ សង្កាត់ត្រូវរាយការណ៍ពីភាពអសកម្មមកថ្នាក់លើ​ ជាពិសេសបញ្ហាល្បែងស៊ីសង​ គ្រប់ប្រភេទ​ មានហ្គេមបាញ់ត្រី​ ភ្នាល់បាល់​ នឹងទីកន្លែងបញ្ជាំផ្សេងៗ​ មិនត្រូវលាក់សង្ងំទុកអោយកើតបទល្មើសទើបរាយការណ៍នោះទេ។

លោកអភិបាល ក៏បានដាក់បញ្ជាយ៉ាងដាច់អហង្កាកាលពីដើមខែធ្នូ ២០១៧ នេះ ដល់អភិបាលរង​ដែលទទួលបន្ទុក​ អធិការ​ មេបញ្ជាការ​ នឹងចៅសង្កាត់​ នាយប៉ុស្តិ៍ ត្រូវសហការគ្នាបង្ក្រាបអស់បាននៅល្បែងស៊ីសង​ ថ្នាក់ក្រោមធ្វើមិនបាន ឬមិនហ៊ានចូលបង្ក្រាប​ ត្រូវធ្វើរបាយការណ៍នឹងរាយការណ៍ជូនថ្នាក់​លើ ដើម្បីមានវិធា​នការបន្ត ដោយពិនិត្យនិងទទួលផែនការ ការងារសន្តិសុខសណ្តាប់ធ្នាប់ដែលលោកបានដាក់ចេញឲ្យអនុវត្តន៍កន្លងមក ពិសេសលើការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យឲ្យអស់ ចាប់ពីពេលនេះទៅ ថ្ងៃខាងមុខគឺមិនត្រូវរក្សាទុក ឬធ្វើមិនដឹងអំពីបនល្បែង ផ្សេងៗមាននៅក្នុងមូលដ្ឋានអស់លោកទៀតទេ! ហើយបើមិនធ្វើ! មានគេធ្វើជំនួសអស់លោក។

ជាចុងក្រោយលោកបានប្រាប់ទៀតថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព យើងទាំងអស់គ្នាត្រូវតែធ្វើដោយមិនយោគយល់ អនុគ្រោះឲ្យបុគ្គលណា? ឫម្ចាស់ទីតាំងណា? ផ្តល់ទីកន្លែងឲ្យប្រព្រឹត្តបើក បនល្បែងស៊ីសងផ្សេងៗជ្រកក្រោមផ្លាកធ្វើអាជីវកម្មទៀតឡើយ។ បើមាន ម្ចាស់ទីតាំងទាំងនោះ ត្រូវតែទទួលខុស ត្រូវចំពោះផ្លូវច្បាប់ រួមជាមួយការបាត់បង់នៅសំភារៈឫឧបករណ៍ផ្សេងៗដែលបំរើ ឲ្យផលប្រយោជន៍ពីល្បែងទាំងនោះ។

លោកពេជ្រ កែវមុនី ក្នុងនាមលោកជាអភិបាលខណ្ឌមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More