Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលខេត្តកំពង់ចាម៖ ទប់ស្កាត់ជាដាច់ រាល់សំណង់អាណាធិបតេយ្យ សាងសង់រំលោភទៅលើដីចំណីផ្លូវ!

ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ស្តីពីការណែនាំអំពីការគ្រប់គ្រងដីធ្លី មុខងារ និងការផ្តល់សេវារបស់រដ្ឋបាលខេត្តកំពង់ចាម។ឯកឧត្តម គួច ចំរើន បានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ មានការប្ដេជ្ញាចិត្ត ដោយកំណត់ផែនការរបស់ខ្លួន នៃការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងទូទាំងខេត្តកំពង់ចាម ឲ្យបានច្បាស់លាស់ ពីព្រោះថា បើយើងបានកំណត់ផែនការច្បាស់លាស់ហើយនោះ វាក៏ជាការដោះស្រាយរាល់បញ្ហាការគ្រប់គ្រងដីធ្លីផង និងការកាត់បន្ថយ មិនឲ្យជនខិលខូច ប្រើប្រាស់នយោបាយគេងចំណេញ មកលើយើងទៀត ។ ការស្នើបែបនេះ បានធ្វើឡើង ក្នុងប្រជុំស្តីពីការណែនាំអំពីការគ្រប់គ្រងដីធ្លី មុខងារ និងការផ្តល់សេវា ខេត្តកំពង់ចាម ។

លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា មកដល់បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាម បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១៥៨.៣២៧,១១ហ.ត សរុបបាន ១៨៦.៤៧១,៦៩ហ.ត ស្មើនឹង ៤១% នៃផ្ទៃដីសរុប ។

យើងមានក្រុមការងារអនុវត្តការងារចុះបញ្ជីនេះ ចំនួន ៧ក្រុម ស្មើនឹង ៩១នាក់ ។ ចំពោះ ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ អនុវត្តបានចំនួន ៩.៣៣៧ ស្មើនឹង ១៧.៧១៧ហ.ត ។ ចាប់តាំងពីឆ្នាំ ២០០០មកដល់ពេលនេះ មន្ទីរបានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន ៩០៩ គម្រោង ដោយក្រសួងចំនួន ២៨គម្រោង រដ្ឋបាលខេត្តចំនួន ៧៨០ គម្រោង ការិយាល័យ និងច្រកចេញចូលតែមួយចំនួន ១០១គម្រោង និងចេញលិខិតផ្អាកការសាងសង់ចំនួន ៧៣២គម្រោង ។

ឯកឧត្តម គួច ចំរើន បានថ្លែងនូវការកោតសរសើរ ចំពោះ មន្ត្រីជំនាញសុរិយោដី ដែលបានខិតខំ ទៅតាមតួនាទីរបស់ខ្លួន។ ជាក់ស្ដែងយើងសម្រេចនូវលទ្ធផលជាច្រើន ដូចជា ៖ បានប្រកាស ចុះផ្សព្វផ្សាយ និងបានចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋយើង បានជាបន្តបន្ទាប់។

ប៉ុន្តែយើងនៅមានចំណុចខ្វះខាតមួយចំនួនក្នុងការប្ដេជ្ញាចិត្តជាមួយគ្នាដែលតទៅមុខគឺទាមទារឲ្យអាជ្ញាធរក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេក ទេសទាំងអស់ មានការប្ដេជ្ញាចិត្ត និងទទួលខុសត្រូវ ថា តើក្នុងមួយសប្ដាហ៍ ឬមួយខែ ត្រូវធ្វើការចុះបញ្ជីដីឲ្យបានប៉ុន្មាន? ដើម្បីឈានទៅម្រេចនូវគោលដៅ របស់រាជរដ្ឋាភិបាល ដែលបានកំណត់នោះ។

ក្នុងការ ឈានទៅសម្រេចគោលនយោបាយនោះដែរ ឯកឧត្ដមអភិបាលខេត្តក៏ បានដាក់ចេញនូវផែនការ ចំពោះ មន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេស មន្ត្រីគ្រប់គ្រងតំបន់វិនិច្ឆ័យប្រចាំក្រុង ស្រុក នីមួយៗ ត្រូវកំណត់នូវផែន ការបេសកកម្មរបស់ខ្លួន ដោយធ្វើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងមួយខែ ឲ្យបាន ៥០០ក្បាលដី ដោយចាប់អនុវត្ត ពីឆ្នាំ២០១៨ តទៅ ។

នាឱកាសនោះ ឯកឧត្ដម គួច ចំរើន បានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា ជាពិសេស ក្រុង ស្រុក នីមួយៗ ត្រូវចាត់ទុកចាត់ទុកថា ការងារដីធ្លីនេះ គឺជាកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ត្រូវសហការ ផ្ដល់ការគាំទ្រ ដល់មន្ត្រីគ្រប់គ្រងតំបន់វិនិច្ឆ័យគោលដៅ និងតាមដានរបាយការណ៍ ឲ្យជាប់ជាប្រចាំ។

ទន្ទឹមនឹងនោះដែរ បណ្ដាស្រុក ដែលបានចុះបញ្ជីដីធ្លី រួចហើយ សូមដឹកនាំកិច្ចប្រជុំ ដើម្បី រៀបចំផែនទីស្រុក ឃុំ របស់ខ្លួន ឲ្យបានច្បាស់លាស់ និងជាចាំបាច់ត្រូវតែចូលរួមដោយផ្ទាល់ ទៅលើគ្រប់សកម្ម ភាព នៃការងារចុះបញ្ជីដីធ្លី ដើម្បី បានចូលរួមផ្សព្វផ្សាយ នូវសកម្មភាព និងគោលនយោ បាយនានា របស់រាជរដ្ឋាភិបាល ទៅដល់ប្រជាពលរដ្ឋផងដែរ។

ទាក់ទងទៅនឹងការងារចុះបញ្ជីដាច់ដោយដុំ ឯកឧត្ដម បញ្ជាក់ថា វាគឺអាស្រ័យ ដោយការស្នើសុំរបស់ប្រជាពលរដ្ឋ។ ដូច្នេះ មន្ត្រីជំនាញ ត្រូវជម្រុញរាល់សំណើទាំងអស់នោះ ឲ្យបានលឿន ទៅតាមពេលវេលា និងការបង់ កម្រៃសេវា តាមច្បាប់កំណត់។

ដោយឡែក ការងារសំណង់វិញ ប្រសិន បើមានការស្នើសុំ ពីប្រជាពលរដ្ឋលើការសាងសង់ ត្រូវសម្រួលឲ្យបានល្អប្រសើរ ផងដែរ។ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ផងដែរ ទៅលើបច្ចេកទេ សាងសង់ ជាពិសេស ការហាមឃាត់ និងការទប់ស្កាត់ជាដាច់ រាល់សំណង់បែបអាណាធិបតេយ្យ ដែលសាងសង់ រំលោភ ទៅលើដីចំណីផ្លូវ ដែលច្បាប់ហាមឃាត់ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More