Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្តម មាន ចាន់យ៉ាដា ជួបសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិជាមួយប្រជាពលរដ្ឋ ២២គ្រួសារ នៅតំបន់បឹងកក់

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ដោយមានការប្រគល់សិទ្ធិពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងរួមជាមួយសហការី និងជំនាញ បានជួបសំណេះ សំណាល និងចែកប័ណ្ណកម្មសិទ្ធិជាមួយប្រជាពលរដ្ឋ ២២គ្រួសារ នៅតំបន់បឹងកក់ ស្ថិតក្នុងភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដូចអ្វីដែលយើងបានដឹងរួចមកហើយថា បញ្ហាបឹងកក់គឺជាបញ្ហាស្មុគស្មាញដែលមិនត្រឹមជាបញ្ហាបច្ចេកទេសត្រូវដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែបញ្ហានេះបានលាយលំជាមួយនឹងចរិកនយោបាយដែលមានការគំាទ្រពីក្រុមមាននិន្នាការប្រឆាំងមួយចំនួនតូច។

យ៉ាងណាមិញ ដើម្បីផ្តល់ការអភិវឌ្ឍពិតប្រាកដជូនប្រជាពលរដ្ឋចាប់តាំងពីឆ្នាំ២០០៥មក រាជរដ្ឋាភិបាលបានសម្រេចអភិវឌ្ឍន៍តំបន់នេះ ដោយឈរលើមូលដ្ឋាន ៣សំខាន់ គឺ

(១) សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ

(២) អនាម័យ-បរិស្ថាន

(៣) នគរូបនីយបញ្ញត្តិ។

សម្រាប់ការជួបជុំក្នុងថ្ងៃនេះ គឺជាលទ្ធផលដែលយើងបានប្រឹងប្រែងរួមគ្នា ដោយធ្វើការប្រៀបធៀបទិដ្ឋភាពអតីតកាល និងបច្ចុប្បន្ននៃតំបន់បឹងកក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ ២២គ្រួសារ បានទទួលប័ណ្ណកម្មសិទ្ធិ ដែលជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី “ធានាដោយច្បាប់ ការពារដោយរដ្ឋ” ពោលគឺមិនមែនជាការកាន់កាប់ខុសច្បាប់ដូចពេលមុនឡើយ។

ក្នុងនាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា សូមយកឱកាសដ៏វិសេសវិសាលនេះ អបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ និងសូមផ្តាំផ្ញើដល់បងប្អូនត្រូវចេះរក្សាទុកឱ្យបានត្រឹមត្រូវ ដោយត្រូវចាំទុកថាជាទ្រព្យសកម្មរបស់ក្រុមគ្រួសារខ្លួន ពិសេសត្រូវប្រើប្រាស់ឱ្យចំគោលដៅ ជៀសវាងការបាត់បង់ដោយប្រការណាមួយ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More