ពិធីប្រកាសចូលកាន់មុខដំណែង អនុប្រធានមន្ទីរ អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន មានពិធីប្រកាសចូលកាន់មុខដំណែង
អនុប្រធានមន្ទីរ អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី នៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្ត និងលោកជំទាវ ជា លាភ អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋាបាលសាធារណៈ និងមុខងារសាធារណៈ នៅតែជាអទិភាពក្នុងដំណើការពីដំណាក់ កាលមួយទៅដំណាក់កាលមួយទៀត ដោយអនុវត្តន៍ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងច្បាប់គោលមួយចំនួនទៀត ដូច្នេះថ្នាក់ដឹកនាំមន្ទីរដែលទើបបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មីនាពេលនេះ ត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព សាមគ្គីភាព និងត្រូវបន្តសិក្សាស្រាវជ្រាវរកនូវប្រភពឯកសារ លិខិតបទដ្ឋាននានា យកមកធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាពក្នុងវិជ្ជាជីវៈសំដៅអោយអង្គភាពរបស់ខ្លួនដំណើរការដោយរលូន និងមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំស្វែងយល់ និងអនុវត្តន៍ឱ្យបានល្អនូវកម្មវិធីនយោបាយយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់តម្លៃស្ត្រី ទប់ស្កាត់រាល់អំពើហឹង្សាលើស្ត្រី និងកុមារ ពង្រឹងសមភាពយេឌ័រ ដើម្បីឱ្យស្ត្រីបានចូលរួមសកម្មភាពនានានៅក្នុងសង្គមជាតិយើង។
សូមបញ្ជាក់ថា៖ បើតាមដីកាស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ ០០៩/១៧.ដក ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូន លោកស្រី ចន្ទ ថាវី ជាអនុ ប្រធានមន្ទីរកិច្ចការនារី លោកស្រី មួន ចាន់ស្រីរ័ត្ន ជាប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្ត្រី លោកស្រី សួន សុគន្ធា ជាអនុប្រធានការិយាល័យហិរញ្ញវត្ថុ និងផ្គត់ផ្គង់ផែនការស្ថិតិ លោកស្រី តិច វួចឡាង ជាអនុប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្ត្រី។
ញ៉ឹប បូរី ប៉ៃលិន 28-12-2017