រថយន្តហ៊ីយ៉ានដាយ ពីរគ្រឿងបុកតគ្នា រួចជ្រុលទៅបុកតូបលក់ដូរចំនួនពីរទៀត បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់
ខេត្តពោធិ៍សាត់៖ រថយន្តហ៊ីយ៉ានដាយពីរគ្រឿងបុកតគ្នារួចជ្រុលទៅបុកតូបលក់ដូរចំនួនពីរទៀត
បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់។ករណីនេះកើតឡើងនៅលើផ្លូវជាតិលេខត្រង់ចំណុចគីឡូម៉ែត្រលេខ២០១-២០២ ស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២២និង៤៥នាទីយប់ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A-1557 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6051 បើកបរស្របទិសគ្នាបោះពួយយ៉ាងលឿនបានបុករថយន្តហ៊ីយ៉ានដាយពណ៌ខៀវ យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្ត ហ៊ីយ៉ានដាយ ពណ៌ខៀវ ជ្រុលចង្កូតទៅបុកតូបលក់ដូរអីវ៉ាន់ចំនួន០២ ខូចខាតទាំងស្រុងនិងបណ្តាលឲ្យរងរបួសស្រ្តីម្នាក់ជាអ្នកមកទិញអីវ៉ាន់ យ៉ាងធ្ងន់ធ្ងរ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន ចំណែកអ្នកបើកបររថយន្តទាំងពីររត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចនគរបាលចរាចរណ៍ លោកវរសេនីយ៍ត្រី ស៊ឹម រ័ត្ន នាយរងការិយាល័យ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីកត្តាការប្រើប្រាស់ល្បឿនលឿនហួសកំណត់ហើយគិតមកដល់ព្រឹកថ្ងៃទី២៨នេះរថយន្តទាំងពីរគ្រឿងពុំទាន់យកចេញពីកន្លែងកើតហេតុនៅឡើយទេ។
សមត្ថកិច្ចធ្វើការវាស់វែងនិងយករថយន្តមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលខូចខាតតូចលក់ដូរចំនួនពីរកន្លែងទី១តូចលក់ដូររបស់ឈ្មោះ ប៉ាវ ប៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ ទី២តូបលក់ដូររបស់ឈ្មោះ ឈុំ សុភាព ភេទប្រុស អាយុ៥៣ឆ្នាំ និងបណ្តាលឲ្យរងរបួសស្ត្រីម្នាក់ឈ្មោះ ខុំ យ៉ា ភេទស្រី អាយុ៥៦ឆ្នាំ អ្នកទាំងបីរស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់៕