Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រុមចោរ ចូលគាស់ទូរដែក យកលុយអស់រាប់ម៉ឺនដុល្លារ ក្នុងរោងចក្រកាត់ដេរ «អ៊ីហ្វា ហ្គាមិន» (VIDEO)

ភ្នំពេញ៖ ពិតជាមិនធម្មតាមែន ! ក្រុមចោរមួយក្រុម បានធ្វើសកម្មភាពកាត់ របងបន្លារលួសរោងចក្រកាត់ដេរ «អ៊ីហ្វា ហ្គាមិន»រួចចូលទៅគាស់ទ្វាររោងចក្រ និងចូលទៅរុះរើបន្ទប់រដ្ឋបាល ព្រមទាំងចូលទៅ ក្នុងបន្ទប់របស់លោកអគ្គនាយករោងចក្រ ហើយលួចគាស់ទូរដែកលួច លុយក្រុមហ៊ុនអស់រាប់ម៉ឺនដុល្លារ ក្នុងនោះក៏មានលុយផ្ទាល់ខ្លួនលោកអគ្គនាយក ចំនួន៩ពាន់ដុល្លារ រួមជាមួយ ឯកសារសំខាន់ៗមួយចំនួនទៀតផងដែរ។

ក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យ បានគេចខ្លួនបាត់ស្រមោល តែអ្វីដែលហួរសចិត្តនោះ នៅយប់កើតហេតុ ក៏មានក្រុមសន្តិសុខយាមនៅរោងចក្រនោះចំនួន៤នាក់ផងដែរ ប៉ុន្តែមិនបានដឹងថា មានចោរចូលធ្វើ សកម្មភាពនោះឡើយ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ចោម ចៅ៣ រួមជាមួយនគរបាលបច្ចេកទេស នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យកោសល្យវិច័្ឆយ និងស្រាវជ្រាវរកមុខសញ្ញាបន្ត។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងរោងចក្រកាត់ដេរយីហោ «អ៊ីហ្វា ហ្គាមិន» ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពី ស្រ្តីឈ្មោះ អ៊ូ ចាន់ដាវី ហៅមីង អាយុ៣៩ឆ្នាំ មានស្រុកកំណើត នៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅក្នុងភូមិ ក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ទូរដែកខាងលើនោះ មានដាក់លុយរបស់ក្រុមហ៊ុនរាប់ម៉ឺនដុល្លារ ក្នុងនោះក៏មានលុយផ្ទាល់ខ្លួនរបស់លោកអគ្គនាយកក្រុមហ៊ុន ចំនួន៩ពាន់ដុល្លារផងដែរ ក្រៅពីនេះនៅមាន ឯកសារសំខាន់ៗ មានដូចជាឯកសាររោងចក្រឯកសារធនាគារជាដើម ត្រូវបានចោរលួចយកទៅបាត់អស់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុទូកដែកនោះ ត្រូវបានទុកនៅក្នុងបន្ទប់របស់លោកអគ្គនាយករោងចក្រ ហើយនៅវេលាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ក៏ដូចជានៅយប់កន្លងមកដែរ នៅក្នុងរោងចក្រ មានក្រុមសន្តិសុខយាមចំនួន៤នាក់រហូត ដែលសន្តិសុខនោះ ត្រូវបានក្រុមហ៊ុនជួលពីក្រុមហ៊ុនសន្តិសុខយីហោ ឆេង ជែម (CJS)។

ចំណែកកម្មករធ្វើការថែមម៉ោង ដល់វេលាម៉ោង៨ និង៣០នាទីយប់ ទើបចេញហើយខាងបុគ្គលិកគ្រប់ ផ្នែកក៏បានចេញទៅផ្ទះ សម្រាករៀងៗខ្លួនដែរ មិនមានអ្នកស្នាក់នៅក្នុងនោះក្រៅពី ក្រុមសន្តិសុខទាំង៤នាក់នោះឡើយ ហើយក៏មិនបានដឹងថាក្រុមចោរ ចូលទៅធ្វើសកម្មភាពតាំងពីពេលណាដែរ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រុមចោរបានកាត់លួសបន្លាររបងរោងចក្រផ្នែកខាងក្រោយ ចូលទៅធ្វើសកម្មភាព ហើយបើតាមការឆែកមើល កាមេរ៉ាសុវត្ថិភាព គឺក្រុមចោរមួយក្រុម មាន គ្នាច្រើននាក់ពាក់អាវ មាន មួកឃ្លុមបិទមុខថែមទៀត និងបានចូលទៅធ្វើសកម្ម ភាពនៅវេលាម៉ោងប្រហែល០២៖៤២នាទី ទាបភ្លឺឈានចូលថ្ងៃទី២៨ ខែធ្នូ ហើយក្រុមចោរ បានប្រើម៉ូទ័រ កាត់ទម្លុះទម្លាយទូដែក នោះបើកយកលុយនិងឯកសារនៅក្នុងនោះ បន្ទាប់មកបាននាំ គ្នាគេចខ្លួនបាត់អស់។

ចំណែកសន្តិសុខមិនដឹងថាបានដឹង ឬធ្វើជាមិនដឹងទេ ប៉ុន្តែតាមការសន្និ ដ្ឋានក្រុមចោរ អាចជាអ្នកបម្រើការងារនៅក្នុងនោះ ទើបដឹងពីកន្លែងទុកដាក់ទូដែក និងដឹងថា នៅក្នុងនោះមាន លុយច្រើន ហើយក៏សង្ស័យ ថា មានការចូលរួមឃុបឃិតពីសំណាក់ក្រុមសន្តិសុខ ដែលយាមវេនយប់នោះផងដែរ ទើបអាចចូលទៅលួចរហូតប្រើម៉ូទ័រ កាត់ថែមទៀតបានដោយរលូន បែបនេះ។

ទោះបីជាបែបណា នគរបាលបានកំណត់បានមុខសញ្ញាខាងលើនោះ ខ្លះៗហើយ និងកំពុងធ្វើការស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More