ឯកឧត្តម វេង សាខុន បានអនុញ្ញាតអោយ ឯកឧត្តម ជច អេដជ៏ហ្គា ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរុបប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ ឯកឧត្តម ជច អេដជ៏ហ្គា ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរុបប្រចាំនៅកម្ពុជា និងគណប្រតិភូចូលជួបសម្តែងការគួរសម។
ការពិភាក្សាបានផ្តោតទៅលើស្ថានភាពនៃកិច្ចសហប្រតិបត្តិការរបស់សហភាពអ៊ឺរុបនៅកម្ពុជាលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សូមបញ្ជាក់ថា សហភាពអ៊ឺរុប បានផ្តល់មូលនិធិដើម្បីអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដោយបានអនុវត្តទៅលើកម្មវិធីចំនួនបីគឺ ការកសាងគោលនយោបាយក្នុងវិស័យកសិកម្ម, ការចិញ្ចឹមសត្វ និងវិស័យជលផលនូវទឹកប្រាក់ប្រមាណ ២០លានយូរ៉ូ ហើយនៅពេលខាងមុខសហភាពអឺរ៉ុបនឹង សហការជាមួយរដ្ឋបាលជលផលដើម្បីអនុវត្តគម្រោងវារីវប្បកម្មដែលមានទឹកប្រាក់ប្រមាណ ៣០លានយូរ៉ូ ។ ទន្ទឹមនឹងនេះ EU ក៏បានផ្តោតទៅលើ៖
1. អនុវិស័យផលិតកម្មកសិកម្ម – ដោយផ្តោតការយកទុកដាក់ខ្ពស់ទៅលើការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីបន្ថែមទៅលើការដាំដុះដំណាំ ដើម្បីជួយប្រជាកសិករទទួលបានប្រាក់ចំណូលច្រើនលើកស្ទួយជីវភាព កាត់បន្ថយចំណាកស្រុក ជាពិសេសគ្រួសារកសិករដែលមានដីធ្វើកសិកម្មតូចៗ។ ការទប់ស្កាត់បទល្មើសជលផលដែលជាការបារម្ភ រួមគ្នាដែលប៉ះពាល់ដល់ធនធានជលផល (ទាំងទឹកសាប និងសមុទ្រ) ហើយដែលការទប់ស្កាត់ និងបង្ក្រាបបទល្មើសត្រូវការចាំបាច់ត្រូបមានការគាំទ្រធនធានគ្រប់គ្រាន់ដើម្បីធ្វើប្រតិបត្តិការ (ទាំងធនធានមនុស្ស និងថវិកា) ដល់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការអប់រំប្រជានេសាទ និងសហគមន៍នេសាទ ឲ្យចូលរួមសហការណ៍លើការងារនេះផងដែរ។ ក្នុងកិច្ចពិភាក្សាចំណុចនេះ ក៏មានការលើកឡើងពីការពន្លឿនបញ្ចប់នូវសេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្ម ការអភិរក្សនិងការកែវិធីបង្កើនផលស្តុកជលផល ដោយពិនិត្យលើចលនាត្រី លំហូរទឹក ស្ថានភាពទឹក ផងដែរ។
2. អនុវិស័យព្រៃឈើ – បានផ្តោតលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ការរក្សាការពារព្រៃឈើ និងសត្វព្រៃ។ ក្នុងនោះ ឧត្តមរដ្ឋមន្ត្រីបានលើកពីគោលគំនិតថ្មីនៃគោលនយោបាយក្នុងការទាក់ទាញវិស័យឯកជនឲ្យចូលរួមផ្តល់សេវាក្នុងការដាំឈើជាលក្ខណៈចំការ នៅក្នុងកាល:ទេស:ដែលធនធានមនុស្ស និងថវិការដ្ឋសម្រាប់ការងារនេះនៅមានកម្រិត ហើយចំនុចនេះភាគីសហភាពអឺរុបមានការចាប់អារម្មណ៍ជាវិជ្ជមាន។ ការផ្តល់ដល់សហគមន៍ព្រៃឈើនូវផលប្រយោជន៍និងចំណូលបន្ថែមពីអេកូទេសចរណ៍ ហើយនិងរបរកសិកម្មផ្សេងទៀត ដូចជាការចិញ្ចឹមគោ… ក្នុងតំបន់ព្រៃសហគមន៍ ជាដើម ដើម្បីលើកស្ទួយជីវភាពពួកគាត់ ក្រៅពីមុខរបរប្រមូលអនុផលព្រៃឈើ។
3. ការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព និងការកាត់បន្ថយទំនាស់ដីធ្លី – ចំនុចនេះគឺមានការជំរុញចុះបញ្ជីដីឲ្យបានឆាប់រហ័ស តាមរយៈកិច្ចសហការរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរខេត្ត និងវិស័យឯកជន ផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើសហគមន៍អឺរុបឧបត្ថម្ភ និងចូលរួមជាមួយគ្នាក្នុងដំណើរការដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព ទៅតាមករណីនីមួយៗ។
4. ក្រៅពីនេះ ក៏មានការលើកឡើងពីការលើកស្ទួយការចិញ្ចឹមសត្វដែលសំណូមពរដល់សហភាពអឺរុបជួយឧបត្ថម្ភ តម្រូវការពូជស្រូវសុទ្ធមានគុណភាពខ្ពស់។
5. ការនាំចេញបន្លែទៅកាន់ទីផ្សារបណ្ដាប្រទេសសហភាពអឺរ៉ុបដែលគ្មានថ្មាំពុល និងគីមី ដែលចាំបាច់ត្រូវឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យម៉ត់ចត់ ដោយមន្ទីរពិសោធន៍ច្បាស់លាស់ ជាមួយនិងការពង្រីកសេវាផ្សព្វផ្សាយកសិកម្ម ជូនប្រជាកសិករ ជាដើម។
នៅទីបញ្ចប់ ភាគីទាំង២ បានសន្យានឹងបន្តសហការគ្នាឲ្យកាន់តែប្រសើរ លើការងារដែលបានពិភាក្សាគ្នាខាងលើ និងបន្តការពិភាក្សាគ្នាក្នុងករណីចាំបាច់នាពេលខាងមុខ។ ដោយ អាត ចន្ធូ 3b0fc052-12ad-46c8-b6b8-593d33201837 8c783698-b33d-4e8f-8984-69be0fcc24d5 c97ead1f-9d59-470c-8952-719c5b04190c}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More