ព្រឹតិ្តការណ៍ថ្មីៗ

ព្រហ្មទណ្ឌកម្រិតស្រាល​ ឆ្មក់បង្ក្រាបទីតាំង​ល្បែងស៊ីសង​ ជល់មាន់​ តាមអ៉ិនធើណេត(Online) ជ្រកក្រោមស្លាក “តុលាកាហ្វេ 6666” ​ឃាត់ខ្លួន​ជនប្រុសស្រី១៦នាក់

1 ឆ្នាំ មុន 125 តូ សុផល

រាជធានីភ្នំពេញ​ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជល់មាន់​ តាមប្រព័ន្ធ​អ៉ិនធេីណេត(Online) ជ្រកក្រោមស្លាកយីហោ​ “តុលាកាហ្វេ 6666” ​ដែលបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបនៅវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ​ ទី០៥​ ខែឧសភា​ ឆ្នាំ២០១៩នេះ នៅតាមផ្លូវបេតុង​K5​ ជិតផ្លូវរថភ្លេីង ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១៦នាក់ និងដកហូតបាន​វត្ថុតាង​ ជាច្រេីនទៀត ។

កម្លាំងសមត្ថកិច្ច​ដែលចុះបង្ក្រាបទីតាំងខាងលេីនេះបានប្រាប់អោយដឹងថា មុនឈានដល់ការបង្ក្រាប​ គឺទីតាំងខាងលើនេះមានប្រជាពលរដ្ឋដែលរស់នៅជិតខាងបានរាយការណ៍ថា បើកលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង​ ។

ជាក់ស្ដែង​ ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដោយមានការអនុញាតិពីលោក ប្លង់​ សុផល ព្រះរាជអាជ្ញារង នៃអយ្យកាសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក​ គឹម​ ឆេងប៊ុន ក្រឡាបញ្ជី​ និងដោយមានការចង្អុលបង្ហាញពី​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត អគ្គស្នងការរងនគរបាលជាតិ​ និងជា​ស្នងការនគរបាល​រាជធានី​ភ្នំពេញ​ នោះ លោកវរសេនីយ៍ឯក​ ប៊ុន​ សត្យា​ នាយការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល​ រាជធានីភ្នំពេញ​ និងកម្លាំងនគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ ​បានបេីកការស្រាវជ្រាវ​ និងឆ្មក់បង្ក្រាបជាក់ស្តែង​ ដោយធ្វេីការឃាត់ខ្លួនជនប្រុសស្រី១៦នាក់​ (ស្រី២នាក់) និងដកហូត​វត្ថុតាង​ពាក់ព័ន្ធមួយចំនួន​ និងម៉ូតូចំនួន ១១គ្រឿង និងបានដំណើរការចុះបិទឃ្លុំបេ ជាបណ្តោះអាសន្ន ទីតាំងហាងកាហ្វេយីហោ “តុលាកាហ្វេ​ 6666” ស្ថិតនៅតាមផ្លូវបេតុងK5 ជិតផ្លូវរថភ្លេីង ស្ថិតក្នុងសង្កាត់ទួលសង្កែ​ទី១ ខណ្ឌឬស្សីកែវ​ ដែលពាក់ពន្ធបទល្មើស បើកល្បែងស៊ីសងខុសច្បាប់ ជល់មាន់​ តាមប្រព័ន្ធ​អ៉ិនធេីណេត(Online) ។

បច្ចុប្បន្ន​ជនប្រុសស្រី​ទាំង១៦នាក់ខាងលេី​ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នាំមក​ស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ