ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា​ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ កំឡុងពេលបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩

11 ខែ មុន 23 tnn_admin

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាព ក្នុងបរិវេណនៃទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ កម្មវិធីរៀបចំឡើងក្នុងគោលបំណង៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាព ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ កំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩។ យុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍​នេះ បានទទួលការគាំទ្រធំពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា និងចូលរួមសហការគាំទ្រពីអង្គការខេមសេហ្វ អង្គការស្ថាបនាជីវិត អង្គការ ISF ក្រុមហ៊ុនរថយន្ត CHEVROLET ​សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងវិទ្យុFM102។
គណៈអធិបតី ចូលរួមបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ រួមមានៈ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។ យុទ្ធនាការនេះ មានអ្នកចូលរួមសរុប ៣០០នាក់ រួមមាន៖ តំណាងអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូន​ មន្ទីរអប់រំ យុវជន និងកីឡា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត មន្រ្តីកាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្តាល សាខា និងអនុសាខាក្នុងរាជធានីភ្នំពេញ។

ក្រោយបញ្ចប់កម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធដែលបានចូលរួមកម្មវិធីទាំងអស់ បានបន្តចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ តាម រយៈការចែកប័ណ្ណប្រកាស និងបិទស្ទីកឃ័រយានយន្ត ជូនដល់ប្រជាពលរដ្ឋនៅតាមផ្សារ ចំណតរថយន្តឈ្នួល និងតាមដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការមានចងបដាដែលមានខ្លឹមសារ ៉ ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៉ និង ៉ ពិសាគ្រឿងស្រវឹង កុំបើកបរ ៉ ការរំលឹកតាម​ឧឃោសនស័ព្ទនូវសារអប់រំជាច្រើនដែលក្នុងនោះមានរំលេចនូវផលវិបាកស្ដីពីការបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាព រួមទាំងការចែកប័ណ្ណប្រកាសអប់រំឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរបានដឹងពីឥរិយាបទខុសឆ្គងដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ និងចៀសវាងការប្រព្រឹត្តិកំហុសទាំងនោះ។

រៀងរាល់ឆ្នាំប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត និងទៅវត្តវេរប្រគេនចង្ហាន់ជូនព្រះសង្ឍ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានផុតទៅតាមបែបប្រពៃណីរៀងមកអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ។ តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកបាត់បង់ជីវិត កើនឡើងក្នុងអំឡុងពេលពិធីបុណ្យជាតិនេះដោយហេតុរួមផ្សំច្រើនយ៉ាង ក្នុងនោះរួមមាន៖ ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព ជាដើម ។ ដោយហេតុនេះ កាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធនានា បានរៀបចំយុទ្ធនាការដើម្បីអប់រំប្រជាពលរដ្ឋអ្នកធ្វើដំណើរឲ្យបានយល់ដឹង និងត្រៀមការពារខ្លួនពីគ្រោះថ្នាក់នេះតាមមធ្យោបាយផ្សេងៗ។​

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បា​នបង្ហាញដែរថា នៅក្នុងរយៈពេលមួយឆមាសទី១ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ១.០៣៣នាក់ និងរបួសចំនួន ៣.២២៤នាក់ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៨ ចំនួនអ្នកស្លាប់កើនដល់ ១០៣នាក់ (ស្មើ១១%) និងរបួសកើន ៨២៥នាក់ (ស្មើ ៣៤%) ពោលគឺកើនឡើងគួរឲ្យបារម្ភ ហើយអ្នកស្លាប់នាំមុខភាគច្រើននៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

កាកបាទក្រហមកម្ពុជា និងដៃគូដែលបានចូលរួមនាពេលនេះ រំពឹងថាផលដែលទទួលបានពីការងារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នាពេលនេះនឹងជួយឲ្យចំនួនអ្នកបាត់បង់ជីវិតនាក្នុងឧកាសបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០១៩នេះនឹងមានការថយចុះជាងឆ្នាំមុនៗ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ