ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថៃ និងឡាវ

11 ខែ មុន 15 tnn_admin

ភ្នំពេញ៖ នាថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថៃ និងឡាវ ដោយមានការអមដំណើរពីលោកស្រី Allison Stewart ប្រធានការិយាល័យ និងជាទីប្រឹក្សា នៃស្ថានទូតកាណាដា និងលោកម៉ែន ប៊ុនឡេង ប្រតិភូពាណិជ្ជកម្មនៃស្ថានទូតកាណាដាប្រចាំទីក្រុងភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូអំពីគំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធជាតិស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីផែនការ និងគម្រោងកំពុងដំណើរការបន្តពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវជាតិរបស់កម្ពុជា ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ និងក្រុមប្រឹក្សាភស្ដុភារកម្មជាតិ និងផែនការមេជាតិភស្ដុភារកម្ម ដែលនឹងជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មឈានមុខគេប្រចាំតំបន់អាស៊ាន។

លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិស្វកម្ម ដោយហេតុថានិស្សិតកម្ពុជាមានចំនួនតែ៣.៤% ប៉ុណ្ណោះដែលសិក្សាជំនាញវិស្វកម្ម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ