ព្រឹតិ្តការណ៍ថ្មីៗ

លោកចៅក្រម ប៊ុន ធី កំពុងសាកសួរជនត្រូវចោទម្នាក់ករណីឆបោក ខណៈជនរងគ្រោះកំពុងរងចាំពន្លឺយុត្តិធម៌

9 ខែ មុន 101 តូ សុផល

(ភ្នំពេញ)៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះកំពុងសាកសួរស្ត្រីត្រូវចោទម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់។

ជនត្រូវចោទមានឈ្មោះ ម៉ែន ណាត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅបុរីពិភពថ្មី២ ផ្ទះលេខ២៣ ផ្លូវលេខ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

សូមជម្រាបថា ជនត្រូវចោទឈ្មោះ ម៉ែន ណាត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨។

ក្រោយពីបើកការស៊ើបសួរ និងចោទប្រកាន់លើជនត្រូវចោទឈ្មោះ ម៉ែន ណាត ពីបទ រំលោភលើទំនុកចិត្ត និងបញ្ជូនសំណុំរឿងទៅជូនចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

ចំពោះករណីនេះ សមត្ថកិច្ចបង្ហើបថា កំពុងមានអ្នករត់ការសុំដោះលែងជនត្រូវចោទឈ្មោះ ម៉ែន ណាត ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈជនរងគ្រោះនៅពុំទាន់បានសំណងខូចខាតសូម្បីតែមួយសេននៅឡើយ។ 

ជនរងគ្រោះ ជឿជាក់ថា តុលាការនឹងពិចារណា ផ្តល់យុត្តិធម៌ដល់ពួកគាត់ដែលបានចាញ់បោកស្ត្រីត្រូវចោទ អស់ប្រាក់ជាច្រើន និងទទូចស្នើសុំដល់តុលាការមេត្តាឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នសិន ដើម្បីរងចាំនីតិវិធីបន្ត ព្រោះបើសិនជាតុលាការដោះលែងជនត្រូវចោទ នោះជននេះនឹងបន្តរត់គេចខ្លួនដូចកាលពីគ្រាមុនដដែល ហើយមិនព្រមទទួលខុសត្រូវចំពោះសំណងទូទាត់ដែលជនរងគ្រោះបានខូចខាតនោះទេ។

គួរបញ្ជាក់ថា ស្ត្រីត្រូវចោទឈ្មោះ ម៉ែន ណាត កំពុងទទួលរងនូវបណ្តឹងជាច្រើននៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់ ក្នុងមុខរបររកស៊ីទិញលក់សម្លៀកបំពាក់ចូលហ៊ុនគ្នាជាមួយក្រុមជនរងគ្រោះ ប៉ុន្តែជនត្រូវចោទបានយកទំនិញទៅលក់បានលុយមិនចែកទាំងដើម និងយកទាំងប្រាក់ចំណេញតែម្នាក់ឯង រួចរត់គេចខ្លួនពីក្រុមជនរងគ្រោះជាម្ចាស់ភាគហ៊ុន រហូតក្រុមជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងចូលតុលាការដើម្បីជួយរកយុត្តិធម៌៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ